(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង២៖៤៥នាទីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ។
តាមការប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា ការអញ្ជើញទៅប្រទេសប្រ៊ុយណេ របស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេល៣ថ្ងៃ ដែលធ្វើឡើងថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ ។
ក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ។ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីខួបអនុស្សាវរីយ៍ដ៏សំខាន់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងព្រះរាជាណាចក្រទាំងពីរ៕