(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានផ្តាំផ្ញើទៅដល់ក្មួយៗកម្មករ-កម្មការិនី ត្រូវគោរពគោលការណ៍របស់ក្រុមហ៊ុន ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ត្រូវចាត់ទុកគ្នាជាបងជាប្អូនគ្រួសារតែមួយ និងត្រូវថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដ៏ល្អផូផង់ កុំឲ្យបរទេសឈ្លានពាន និងវាយតម្លៃ ជាពិសេសកុំជឿលើការឃោសនារបស់ជនខិលខូចមួយចំនួន។

លោកបានផ្តាំផ្ញើបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនកម្មករ-កម្មការិនីជិត១៤០នាក់ ជាលើកទី៣ ដែលបម្រើការងារក្នុង ក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា (Vanny Bio Reserch Cambodia) ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឯម ប៊ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, លោក ថម មី អគ្គនាយករងក្រុមហ៊ុន, ប្រធានមន្ទីរជំនាញ, អាជ្ញាធរក្រុង, ចៅសង្កាត់ និងបងប្អូនកម្មករ-កម្មការិនី ជាច្រើនអ្នកទៀត។

ថ្លែងទៅកាន់កម្មករ-កម្មការិនីនាឱកាសនោះ លោក ម៉ៅ ធនិន បានសម្តែងទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាក្រុមគ្រួសារតែមួយ និងបានលើកឡើងថា នេះជាលើកទី៣ហើយ ដែលលោកបានជួបសំណេះសំណាលជាមួយក្មួយៗ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា។

ក្រោយពីបានស្តាប់នូវសំណូមរបស់លោក ថម មី អគ្គនាយករងក្រុមហ៊ុនរួចមក លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាចដំណើរការទៅបាន ក៏ត្រូវការកម្លាំងរបស់ក្មួយៗ ហើយក្រុមហ៊ុនអាចឈរជើងនៅលើទឹកដីកម្ពុជាបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះហើយទាំងក្រុមហ៊ុន និងក្មួយៗ ត្រូវសម្រួល និងផ្តល់លទ្ធភាពឲ្យគ្នាទៅវិញទៅមក ក្នុងការចូលរួមការពារថែរក្សានូវតម្លៃនៃសុខសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកបានអំពាវនាវ ឲ្យក្មួយៗដែលគ្រប់អាយុបោះឆ្នោត ឬអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់តែ៣៥ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនអំណោយប្រចាំខែ ដល់កម្មករ-កម្មការិនីជិត១៤០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ព្រមទាំងបន្តចុះសួរសុខទុក្ខ ឧបាសិកា ស្រី យឺន ដែលមានជំងឺប្រចាំកាយ ជាប្រជាពលរដ្ឋរស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និងបន្តចុះសម្របសម្រួលដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទៅតាមសំណូមពរ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕