(ភ្នំពេញ)៖ ដើម្បីឆ្លើយតបភ្លាមៗចំពោះតម្រូវការចាំបាច់នៃស្បៀងអាហាររបស់ប្រជាពលរដ្ឋចំនួន ១,៧២១គ្រួសារ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន ៥៨ ស្ថិតក្នុងឃុំចំនួន ៩ នៃស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយគ្នានេះ ក្រុមការងារនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ទាំងនេះ ទៅចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។
សមាគមជាតិកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាលបានយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ៕
{IfMobile}
{ElseMobile}
{EndIfMobile}