(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក ស សុខា និងលោក ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតការប្រណាំងទូក-ង នៅខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីអបអរពិធី បុណ្យចេញព្រះវស្សា និងដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេស ដើម្បីជ្រើសរើសទូកងដែលមាន ល្បឿនលឿន និងមធ្យម សម្រាប់ទៅចូលរួមក្នុងពិធីប្រណាំងទូកងនៅថ្ងៃបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែនៅថ្ងៃទី ២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

នៅក្នុងពិធីនេះដែរ លោក ជា សុមេធី និងលោក ស សុខា បានផ្តល់រង្វាន់ដល់ទូក-ង ប្រភេទខ្នាតវែង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា២,៥០០,០០០រៀល, លេខ២ទទួលបានថវិកា២,០០០,០០០រៀល, លេខ៣ទទួលបាន១,៥០០,០០០រៀល និងលេខ៤ ទទួលបានថវិកា ១,៥០០,០០០រៀល។ ទូកងខ្នាតខ្លីលេខ១ ទទួលបានថវិកា១,៥០០,០០០រៀល, លេខ២ ទទួលបានថវិកា ១,២០០,០០០រៀល និងលេខ៣ទទួលថវិកា១,០០០,០០០រៀល។

លោក ស សុខានិងលោកស្រី បានឧបត្ថម្ភបន្ថែមទូកចំនួន២៦ទូក ក្នុងមួយទូកៗថវិកា១,០០០,០០០រៀលផងដែរ។

អភិបាលខេត្តព្រៃវែង បានថ្លែងអំគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល តែងតែបានជួយគាំទ្រដល់ខេត្តព្រៃវែង និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្តេច បានជួយកសាងហេដ្ឋារចនាសម្ពន្ធ័នានា សាលារៀន និងថ្ងៃផងដែរសម្តេច បានជួយឧបត្ថម្ភដល់កីឡាករអុំទូកផងដែរ។

ការបង្ករភាពសប្បាយថ្ងៃនេះ ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី នៃកម្ពុជា និងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងវឹងហាត់បន្តទៀត ដើម្បីឈានទៅដណ្តើម ជ័យលាភីនៅរាជធានីភ្នំពេញ ខាងមុខនេះអោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនៅតាមរាជធានីខេត្ត គឺដើម្បីរំលឹកថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ព ជើងទឹកយ៉ាងខ្លាំងពូកែ ប្រយុទ្ធជាមួយសត្រូវ បណ្តេញសត្រូវចេញពីទឹកដីកម្ពុជា ការពារបូរណៈភាពទឹកដីបាននិងក្នុងបំណងដើម្បី ដឹងគុណដល់ព្រះគង្គា ព្រះធរណីដែលបានផ្តល់ជីវភាពរស់នៅ និងសុខុមាលភាព ដែលយើងនាំគ្នាធ្វើឲ្យល្អក់កករកន្លងមក៕

{IfMobile}

{ElseMobile}

{EndIfMobile}