(ភ្នំពេញ)៖ បន្ទាប់ពី Facebook របស់បុគ្គល Chham Chhanny សកម្មជនរបស់គណបក្សប្រឆាំងបានសរសេរវាយប្រហារលើការផ្តល់អាហារូបករណ៍ដល់កូនមន្រ្តីខុទ្ទកាល័យសម្តេចតេជោនោះ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News បានទទួលលិខិតមិត្តអ្នកអាន ដែលជាតំណាងឱ្យនិស្សិតអាហារូបករណ៍ពីខុទ្ទកាល័យសម្តេចតេជោរាប់ម៉ឺននាក់ ដោយសម្តែងការខឹងសម្បារ និងប្រតិកម្មយ៉ាងខ្លាំងចំពោះបុគ្គល ឆាម ឆានី។

ក្រុមនិស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោរាប់ម៉ឺននាក់បានចាត់ទុកថា សារដ៏គម្រក់របស់បុគ្គល Chham Chhanny ដែលវាយប្រហាររិះគន់ចំពោះការរៀបចំអាហារូបករណ៍ដល់សិស្សនិស្សិតដែលកូនមន្រ្តីខុទ្ទកាល័យ និងអតីតមន្រ្តីខុទ្ទកាល័យ មិនមានលទ្ធភាពនេះគឺជាការរាំងខ្ទប់ និងមិនចង់ឱ្យកូនខ្មែររាប់ម៉ឺនបានរៀនសូត្រចេះដឹងនាក់តែប៉ុណ្ណោះ។ អាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោ គឺសម្រាប់ផ្តល់ជូនបងប្អូនក្មួយៗសិស្សនិស្សិតទូទាំងប្រទេសដែលមិនមានលទ្ធភាពបន្តការសិក្សា មិនមែនសម្រាប់កូនៗរបស់មន្រ្តីខុទ្ទកាល័យនោះទេ។

ក្រុមនិស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោ បានចាត់ទុកថា សាររបស់ Chham Chhanny មានចេតនាញុះញង់ ហើយជាការប្រឌិតរឿងឡើង ដើម្បីវាយប្រហារចំពោះភាពរីកចំរើនក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។

ក្រុមនិស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោ បានបន្ថែមទៀតថា ការផ្តល់អាហារូបករណ៍ដល់កូនមន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដោយសាលានានាកន្លងមក គឺធ្វើឡើងដោយការស្ម័គ្រចិត្តប៉ុណ្ណោះ មិនគួរបុគ្គលទុរយសដូច ឆាម ឆានី យកករណីនេះមកវាយប្រហារខុសការពិតទាំងស្រុងនោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះ អង្គភាពព័ត៌មាន Fresh News បានទំនាក់ទំនងសុំការបំភ្លឺទៅកាន់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ប៉ុន្តែត្រូវលោក ហូ សិទ្ធី អះអាងយ៉ាងដូច្នេះថា «ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយច្រើនទេ នាំតែថោកជាមួយបុគ្គលនោះទេ ទុកឱ្យនិស្សិតដែលទទួលអាហារូបករណ៍រាប់ម៉ឺននាក់វិនិឆ្ឆ័យចុះ»។

សូមបញ្ជាក់ថានាថ្មីៗនេះ ទំព័រ Facebook របស់បុគ្គល Chham Chhanny បានប្រឌិតព័ត៌មានមួយដោយថា នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់អំណាចដើម្បីស្នើសុំអាហារូបករណ៍ពីសាលានានា សម្រាប់ផ្តល់ជូនកូនៗរបស់មន្រ្តីខុទ្ទកាល័យ៕

{IfMobile}

{ElseMobile}

{EndIfMobile}