(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តីបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជាអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការ ប្រតិបត្តិ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៧នេះ គ្រោះមហន្តរាយកើតចំនួន១៥៩លើក ចំនួន២៣ រាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយដូចជា ការខូចខាត៖ ផ្ទះរលំ ខូចខាតធ្ងន់ធ្ងរចំនួន ៥៥៦ខ្នង, របើកដំបូលជញ្ជំាង និងខូចខាតមធ្យមចំនួន៣៤៧៤ខ្នង ប៉ើងដំបូលសាលារៀន៣៧អគារ និងអគារផ្សេងៗ២៨អគារ បាក់ខូចខាតដើមកៅស៊ូប្រមាណ៤៦០០ដើម (កំពង់ធំ, ព្រះសីហនុ) ប្រជាពលរដ្ឋរងគ្រោះស្លាប់ចំនួន០៦នាក់ (ផ្ទះ និងដើមឈើរលំសង្កាត់២នាក់ រងគ្រោះនៅសមុទ្រ០៤នាក់) និងរបួស៥០នាក់ ការទទួលរងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន៧០នាក់ (ស្រី១៥នាក់) របួសចំនួន៦២នាក់, ងាប់គោ ក្របីចំនួន៥៩ក្បាល និងខូចខាតផ្ទះ០៩ខ្នង។

នារយៈពេលប៉ុន្មានថ្ងៃនេះ លោកបណ្ឌិត ញឹម វណ្ណដា បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តា ខេត្តចំនួន៥ គឺ ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងខេត្តកំពង់ធំ ដើម្បីធ្វើការវាយតម្លៃផ្ទាល់ និងរៀបចំការស្ដារឡើងវិញ។ លោកបណ្ឌិត ញឹម វណ្ណដា បានថ្លែងទៀតថា ភ្លៀងធ្លាក់ច្រើនក្នុងរដូវវស្សានេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញបានធ្វើការបង្វែរមុខទឹកទៅស្តុកទុកតាមអាង និងប្រព័ន្ធស្រោចស្រពតូច-ធំ បានពេញព្រៀបជាបន្តបន្ទាប់ ហើយរហូតមកដល់ខែកញ្ញានេះ បរិមាណទឹកនៅតាមបណ្តាទីតំាងមួយចំនួន មានលើសពីតម្រូវការដែលត្រូវបើកបញ្ចេញចោលខ្លះ ដើម្បីការពារការលិចលង់ និងខូចខាត ទំនប់ដែលអាចនឹងកើតឡើង ដោយសារឥទ្ធិពលនៃវិសម្ពាធថ្មី បង្កឲ្យមានទឹកភ្លៀងធ្លាក់ច្រើននៅតាមភូមិសាស្រ្តក្នុងប្រទេស។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា «រដ្ឋបាលរាជធានី-ខេត្ត បានធ្វើការពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុង របស់ខេត្ត ដោយមានកិច្ចសហការជាមួយអង្គការជាដៃគូ សាខាកាកបាទក្រហមខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត»

ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៧នេះ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានការខូចខាត និងបាត់បង់ដោយសារខ្យល់ កន្រ្តាក់ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ រួមនឹងការធ្លាក់ថ្លៃ នៃដំណាំកសិផលដែលជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំស្តារ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមលោកទេសរដ្ឋមន្រ្តី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយអង្គការ PIN និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដាក់ឲ្យដំណើរការនូវប្រព័ន្ធ ប្រកាសឲ្យដឹងមុនជាសម្លេងអំពី គ្រោះមហន្តរាយ (EWS 1294) តាមទូរស័ព្ទដៃនៅក្នុងខេត្តចំនួន០៧ មានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង កំពង់ឆ្នំាង និងខេត្តកំពត និងមានប្រជាពលរដ្ឋចុះឈ្មោះសរុបចំនួន៥១.១១៩នាក់។

ក្នុងកិច្ចសហការនេះដែរ បានដាក់ឧករណ៍វាស់កម្ពស់ទឹកស្វ័យប្រវត្ថិចំនួន០២កន្លែង នៅស្រុកទឹកឈូ ខេត្តកំពត និងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្រាប់ការជូនដំណឹងមុនពេលកម្ពស់ មានការជន់ឡើងខ្លំាង។ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ភ្លៀងធ្លាក់យ៉ាងគំហុកនៅរាជធានីភ្នំពេញ ក្នុងកម្រិតច្រើនជាបន្តបន្ទាប់ បានធ្វើឲ្យភូមិសាស្រ្តក្នុង រាជធានីត្រូវបានលិចលង់ ប៉ុន្តែដោយសារការស្តារ និងកសាងឡើងវិញនូវបណ្តាញលូមេថ្មីបានប្រវែង៤២០គីឡូម៉ែត្រ រួមនិងការសាងសង់ស្ថានីយ៍បូមទឹកបញ្ចេញថ្មី០៤កន្លែង ធ្វើឲ្យកម្រិតជំនន់ទឹកភ្លៀងមានការ ស្រកចុះលឿនជាងមុន។

ក្នុងរដូវទឹកជំនន់ការបង្ហូរតាមប្រព័ន្ធលូត្រូវបានបិទ និងជំនួសដោយការបូមចេញទម្លាក់ចូលទន្លេ និងអាងស្តុកទឹកនានា តាមស្ថានីយ៍ចំនួន១៣កន្លែងជុំវិញរាជធានី។

លោកទេសរដ្ឋមន្រ្តី រំពឹងថា «ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ កំពុងសម្រេចបានលទ្ធផលល្អប្រសើរក្នុង កម្រិត១១០ភាគរយ នៃផែនការ ទោះបីជាមានបញ្ហារំាងស្ងួត និងជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្តី ជាពិសេសនៅតាមតំបន់ដែលមានទឹកគ្រប់គ្រាន់»

{IfMobile}

{ElseMobile}

{EndIfMobile}