(ព្រះសីហនុ)៖ មេបញ្ជាការរង និងជាមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាម ឧត្តមនាវី អ៊ុក សីហា បានថ្លែងបញ្ជាក់ថា កម្លាំងទ័ពជើងទឹករាម មិនបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់ឧកញ៉ា តែ តាំងប៉ នោះទេ គឺគ្រាន់តែវាយរបងបើកផ្លូវសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលលោកឧកញ៉ា បានធ្វើរបងបិទតែប៉ុណ្ណោះ។

ការចេញមកបញ្ជាក់របស់ឧត្តមនាវី អ៊ុក សីហា បានធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា តែ តាំងប៉ បានចោទប្រកាន់ថា លោក អ៊ុក សីហា និងកូនចៅរបស់លោកឈ្មោះ អឿ សារឿន រួមគ្នាធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិ។

លោក អ៊ុក សីហា បានបដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ។ លោក អ៊ុក ស៊ីហា បានថ្លែងថា រូបលោកមិនបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់ឧកញ៉ា តែ តាំងប៉ នោះឡើយ ហើយរូបលោកគ្រាន់តែបញ្ជាឲ្យកងកម្លាំងវាយរបងបើកផ្លូវសាធារណៈស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលលោកឧកញ៉ា បានរបងបិទតែប៉ុណ្ណោះ។

មេទ័ពជើងទឹករាមរូបនេះ បានឲ្យដឹងថា ក្រោយពីលោកឧកញ៉ាធ្វើរបងបិទបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលធ្លាប់ធ្វើដំណើរ និងអាស្រ័យផលជាមួយផ្លូវខាងលើ បានតវ៉ា និងប្តឹងទៅខាងរូបលោកជាច្រើនដង។ បើតាមលោក អ៊ុក សីហា ក្រោយពីមានការប្តឹង និងសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ និងគ្រួសារកងទ័ពទើបរូបទៅវាយរបងនោះតែម្តង។

លោក អ៊ុក សីហា បានថ្លែងថា «ខ្ញុំមិនបញ្ជាកម្លាំងទៅវាយបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ដូចការចោទប្រកាន់នោះទេ។ កងកម្លាំងរបស់ខ្ញុំ គ្រាន់តែទៅវាយរបងដែលលោកឧកញ៉ា ធ្វើបិទផ្លូវបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកឧកញ៉ា មានដី មានលុយច្រើនណាស់ទៅហើយ ហេតុអីចង់បានផ្លូវរបស់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពធ្វើដំណើរទៀត។ កាលពីពេលស្រុកទេសមានសង្រ្គាម តើលោកឧកញ៉ា មានដីធ្លីនៅទីនោះដែរឬទេ?»

សូមបញ្ជាក់ថា លោក តែ តាំងប៉ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្តឹងទៅកាន់អភិបាលខេត្តព្រះសីហនុ ដោយចោទប្រកាន់លោក អ៊ុក សីហា និងកូនចៅរបស់លោក ឈ្មោះ អឿ សារឿន ពីបទរំលោភយកជាអចលនវត្ថុ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងប៉ុនប៉ង់មនុស្សឃាតទៀតផង។

ក្នុងពាក្យបណ្ដឹងនេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា លោក អ៊ុក សីហា បញ្ជាឲ្យឈ្មោះ អឿ សារឿន និងកូនចៅពី២០ ទៅ៣០នាក់ ក្នុងឯកសណ្ឋានយោធាជើងទឹក ប្រដាប់ដោយកាំភ្លើង ជាច្រើនដើមផងនោះ ទៅគំរាមកំហែង និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងដី និងផ្ទះរបស់លោក បើទោះបីបញ្ហានេះ ត្រូវបានដោះស្រាយម្ដងរួចមកហើយ កាលពីពេលកន្លងទៅ។ តាមរយៈពាក្យបណ្ដឹងនេះ លោក តែ តាំងប៉ បានទាមទារការខូចខាត និងសំណងជំងឺចិត្តរហូតដល់១០ម៉ឺនដុល្លារ។

ឆ្លើយតបការប្តឹងទារសំណងជំងឺចិត្តរហូតដល់១០ម៉ឺនដុល្លារនេះ លោក អ៊ុក សីហា បានបញ្ជាក់ទៅលោកឧកញ៉ា តែ តាំងប៉ ថា រូបលោកធ្វើជាទាហានបម្រើជាតិមាតុភូមិ គ្មានសល់លុយឯណាច្រើនសន្ធឹកសន្ធាប់ ដើម្បីសងជំងឺចិត្តលោកឧកញ៉ានោះឡើយ៕

{IfMobile}

{ElseMobile}

{EndIfMobile}