(ភ្នំពេញ)៖ យោងតាមសេណារីយោធំៗចំនួន៣ ត្រូវបានក្រុមអ្នកវិភាគនយោបាយកំរិតខ្ពស់ «បក្សីចាំក្រុង» លើកយកមកវិភាគទុកមុន ប្រសិនបើគណបក្សសង្គ្រោះជាតិពិតជាត្រូវបានតុលាការកំពូលកាត់សម្រេចរំលាយចោល បន្ទាប់ពីមានបណ្ដឹងពីគណបក្សនយោបាយនានា ឬពីស្ថាប័នមានសមត្ថកិច្ចណាមួយចោទគណបក្សនេះថា មានពាក់ព័ន្ធទៅនឹងផែនការអំពើក្បត់ជាតិ។

សេណារីយោទាំង៣ ដែលអ្នកវិភាគរូបនោះលើកឡើងរួមមាន៖

ទី១៖ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបច្ចុប្បន្ន ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនោះអាសនៈ ទាំងអស់របស់គណបក្សសង្រ្គោះជាតិ នឹងត្រូវបាត់បង់ ហើយអាសនៈទាំងនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ ដោយសារបច្ចុប្បន្នមានតែគណបក្សចំនួន២ មានអាសនៈនៅក្នុងរដ្ឋសភា ដូចនេះនៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនោះអាសនៈទាំងអស់របស់គណបក្សនេះ នឹងត្រូវប្រគល់ទៅឱ្យគណបក្សប្រជាជនកម្ពុជាទាំងអស់តែម្ដង។ ប៉ុន្តែស្ថានភាពនេះនឹងធ្វើឱ្យរដ្ឋសភាកម្ពុជា ក្លាយទៅជារដ្ឋសភាឯកបក្ស ដោយពុំមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាឡើយ។

ទី២៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា រូបមន្តនៃការបែងចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គួរត្រូវបានកែសម្រួលដោយធ្វើការបែងចែកទៅឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣។ ក្នុងករណីនេះដោយផ្អែកតាមលទ្ធផលនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១២០អាសនៈ ហើយគណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានចំនួន៣អាសនៈ ហើយនឹងក្លាយជាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

ទី៣៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា ពិសេសការធានាឱ្យគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា អាចបំពេញតួនាទីដោយមានតុល្យភាពជាមួយនឹងគណបក្សកាន់អំណាច អាសនៈទាំងអស់របស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ដែលត្រូវបានរំលាយ គួរធ្វើការបែងចែកទៅឱ្យគណបក្សផ្សេងទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ ដោយមិនរាប់បញ្ចូលគណបក្សកាន់អំណាចនោះទេ។ ក្នុងករណីនេះនឹងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា អាសនៈទាំង៥៥ របស់គណបក្សប្រឆាំងនឹងត្រូវបែងចែកទៅឱ្យគណបក្សចំនួន៥ ក្នុងនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលបាន៤១អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន៦អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន៥អាសនៈ, គណបក្សសញ្ជាតិកម្ពុជា ទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទទួលបាន១អាសនៈ។

សេណារីយោទី១ និងទី២ ត្រូវបានគេមើលឃើញថា មិនមានអំណោយផលសំរាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងសភានោះឡើយ ព្រោះបើយោងតាមច្បាប់បោះឆ្នោតបច្ចុប្បន្ន ដែលតម្រូវឲ្យប្រគល់អាសនៈនៅទំនេរឲ្យទៅគណបក្សដែលមានអាសនៈនៅក្នុងសភា ឬគណបក្សដែលបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣ ហើយទទួលបានសំលេងឆ្នោតបន្ទាប់នោះ មានន័យថា គណបក្សកាន់អំណាចជាអ្នកទទួលផលតែឯង ដែលនឹងនាំឲ្យគណបក្សកាន់អំណាច អាចជិះសេះលែងដៃនៅក្នុងសភាតែឯងបាន។

បើសិនគេយកសេណារីយោទី៣ ដែលជាសេណារីយោល្អជាងគេ និងភាគរយច្រើនដែលគេនឹងយកមកអនុវត្តនោះ, មានន័យថា សភាត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឡើងវិញក៏ពិតមែន តែបានផ្ដល់ផលល្អដល់គណបក្សនយោបាយផ្សេងៗទៀត រួមទាំងបានផ្ដល់សំលេងប្រឆាំងនៅក្នុងសភាច្រើនគណបក្ស ហើយបើយោងតាមលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ គឺមានគណបក្សរហូតដល់ទៅ៥ឯណោះនឹងមានសម្លេងប្រឆាំងនៅក្នុងសភា ខណៈបច្ចុប្បន្នមានតែមួយគណបក្សនោះ។

នេះគឺគ្រាន់តែជាសេណារីយោវិភាគ គូសវាសឡើងតាមស្ថានការណ៍នយោបាយ និងច្បាប់តែប៉ុណ្ណោះ ខណៈចលនាចង់ប្ដឹងទាមទាររំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងមានអាសនៈនៅក្នុងសភាតែមួយហាក់មានសន្ទុះទៅមុខ ព្រោះតែយោងតាមភស្តុតាង បានបង្ហាញដោយមិនអាចប្រកែកបានថា មេគណបក្សប្រឆាំងរូបនេះ មានពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ តាមរយៈសហការជាមួយបរទេសដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបដិវត្តតាមបែបនៅយូហ្គោស្លាវី កាលពីទសវត្សន៏៩០ក្រោមស្លាក «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដោយយកគណបក្សសង្គ្រោះជាតិធ្វើជាមធ្យោបាយ។

បើក្នុងករណីដែលសេណារីយោទី៣ ត្រូវបានជ្រើសរើសយកមែននោះ ដូចនេះគណបក្សទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧កន្លងទៅ នឹងត្រូវទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយរួមទាំងតំណែងមេឃុំ-ចៅសង្កាត់មួយចំនួនផង។ គណបក្សដែលទទួលបានអាសនៈបន្តពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនេះ អាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានអាសនៈនៅព្រឹទ្ធសភាផងដែរ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕

{IfMobile}

{ElseMobile}

{EndIfMobile}