(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ បានចុះបង្ក្រាបទីតាំងស្តុកឈើសុក្រំមួយកន្លែង ត្រង់ចំណុចកែងដី ក្រុមហ៊ុនក្រុងប៊ុកហ័ង អាញ់យ៉ាឡាយ ស្ថិតក្នុងភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្តូងមាស។
លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រាប់ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ហាក់ ហ័ន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដោយក្នុងនោះ ដកហូតបានឈើសុក្រំបានជាង២០០កំណាត់។
លោកវរសេនីយ៍ឯក នូវ ដារ៉ា បន្តទៀតថា មុននឹងឈានដល់ការបង្ក្រាបកន្លែងស្តុកឈើខាងលើនេះ គឺកម្លាំងលោកបានធ្វើការស្រាវជ្រាវជាយូរខែមកហើយ ដោយម្ចាស់ឈើនេះ ឈ្មោះ ធី ដែលរកស៊ីជំនួញឈើនេះជាយូរណាស់ដែរ។
បច្ចុប្បន្នឈើសុក្រំជាង២០០កំណាត់នេះ មិនទាន់ធ្វើការវាស់វែងនៅឡើយទេ ប៉ុន្តែកម្លាំងបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ ដើម្បីចាត់ការបន្តតាម ច្បាប់ស្តីពីព្រៃឈើ៕