(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើងរួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រជាជនស្លូតត្រង់យ៉ាងតិច៤៥នាក់បានស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ទៅលើតំបន់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី៕
២៖ ទីបំផុតសង្រ្គាមពាក្យសម្តីបានផ្ទុះឡើងរវាងរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងជើង ដោយទីក្រុងតូក្យូ បានគាំទ្រនិន្នាការទណ្ឌកម្ម និងការគំរាមពីកម្លាំងយោធារបស់សហរដ្ឋអាមេរិក ខណៈទីក្រុងព្យុងយ៉ាងបានព្រមាននឹងបញ្ចេញរិទ្ធិអំណាចដ៏មហាសាលនៃអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅលើប្រទេសជប៉ុន៕
៣៖ រដ្ឋាភិបាលអាមេរិករបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតគុយបា ១៥នាក់ ចេញពីទីក្រុងវ៉ាស៊ីនតោន ហើយដែលការសម្រេចចិត្តនេះកើតមានឡើង តែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយលេចលឺព័ត៌មានថាទីក្រុងវ៉ាស៊ីនតោនមានចេតនាកាត់បន្ថយចំនួនមន្ត្រីទូតរបស់ខ្លួនច្រើនជាងពាក់កណ្ដាលប្រចាំទីក្រុងឡាហាវ៉ាន់ប្រទេសគុយបា៕
៤៖ អភិបាលកោះ ភើតូរីកូ (Puerto Rico) បានឲ្យដឹងនាថ្ងៃពុធនេះថា តួលេខផ្លូវការនៃចំនួនមនុស្សបាត់បង់ជីវិតដោយសារតែមហន្តរាយ បង្កឡើងដោយខ្យល់ព្យុះ ហឺរីខិន ម៉ារៀ (Hurricane Maria) បានកើនឡើងដល់ ៣៤នាក់៕
៥៖ បណ្តាញប្រព័ន្ធផ្សព្វផ្សាយចិនបានចាក់បញ្ចាំងនាទីឯកសារមួយស្តីពីសមិទ្ធផលនានា ដែលសបញ្ជាក់ពីកិច្ចប្រឹងប្រែង នៃការធ្វើកំណែទម្រង់វិស័យយោធាក្នុងអំឡុងពេល ០៥ឆ្នាំ ចុងក្រោយនេះ ដើម្បីជំរុញកម្លាំងចិត្តកាន់តែខ្លាំងថែមទៀត នៅក្នុងគោលដៅរបស់មហាអំណាចនៅអាស៊ីមួយនេះ សំដៅកសាងកងទ័ពដ៏មានឥទ្ធិពលបំផុតមួយលើលោក៕
៦៖ បើទោះជាមានការព្រមានពីទីក្រុងម៉ាឌ្រីតក៏ដោយ ក៏រដ្ឋាភិបាលតំបន់កាតាឡាន (Catalonia) នៅតែប្រកាន់ជំហរថា នឹងប្រកាសឯករាជ្យផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ នៅប៉ុន្មានថ្ងៃមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ព្រះមហាក្សត្រអេស្ប៉ាញ ទ្រង់ ហ្វេលីព ទី០៦ (Felipe VI) មានបន្ទូលថា ឯករាជ្យនេះកំពុងនាំប្រជាជនកាតាឡានចេញពីច្បាប់ ក៏ដូចជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងប្រទេសអេស្ប៉ាញទាំងមូល៕