(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះថា កម្លាំងជំនាញការិយាគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅក្រុម២៤ ភូមិ២ សង្កាត់៤។
បើតាមលោកស្នងការ ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១៖ឈ្មោះ ប៉ែន ចាន់ថា អាយុ៣០ឆ្នាំ និងទី២៖ឈ្មោះ គៀន ស្រីថុល អាយុ៣១ឆ្នាំ មុខរបរធ្វើការខារ៉ាអូខេ ដោយដកហូតបានថ្នាំញៀនមេតំហ្វេតាមីន២៣កញ្ចប់។
លុះដល់វេលារសៀល ជនសង្ស័យឈ្មោះ ប៉ែន ចាន់ថា បានចូលរួមសហការ ជាមួយសមត្ថកិច្ចដោយទំនាក់ទនងតាមទូរស័ព្ទទៅរកបក្ខពួក០២នាក់ ដែលកំពង់ស្នាក់នៅផ្ទះសំណាក់ ជី បី ធី បន្ទប់លេខ១០៥ ទើបកម្លាំងជំនាញបន្តទៅឃាត់បាន០២នាក់ទៀត ទី១៖ឈ្មោះ សយ ធាវិន ភេទស្រី អាយុ២៩ឆ្នាំ មុខរបររត់តុ និងទី២៖ឈ្មោះ ហេង សុភក្តិ ភេទស្រី អាយុ២១ឆ្នាំ មុខរបររត់តុ ដោយដកហូតថ្នាំញៀនមេតំហ្វេតាមីន៥៤កញ្ចប់។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕