(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រយ៉ាងពេញទំហឹងដល់ផែនការនាំយកសត្វខ្លាធំ (ខ្លាដំបង) ដែលបាត់វត្តមានពីកម្ពុជាហើយនោះ ឲ្យចូលមករស់នៅលើទឹកដីកម្ពុជាឡើងវិញ ព្រោះវាអាចនឹងបង្កើតបានជាផលិតផលទេសចរណ៍សត្វព្រៃដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចជាតិ-អន្តរជាតិ។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រអេកូទេសចរណ៍សត្វព្រៃ ក្រោមប្រធានបទ «ខ្លាធំនាំមកនូវមោទនភាពជាតិ» នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រុមប្រឹក្សាភិបាលនាយកអេកូទេសចរណ៍កាមាតាកា នៃប្រទេសឥណ្ឌា អង្គការមូលនិធិពិភពលោកដើម្បីធម្មជាតិអាមេរិក ទទួលបន្ទុកទេសចរណ៍ខាងផ្នែកអភិរក្ស តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូវិស័យឯកជនមួយចំនួន។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា បាននិងកំពុងបន្ដពង្រឹងតួនាទីតាមរយៈការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការថែរក្សា អភិរក្សបេតិកភណ្ឌ និងរបកគំហើញថ្មីៗនៃវប្បធម៌ និងការការពារបរិស្ថានធម្មជាតិ ជាពិសេសវិស័យទេសចរណ៍ បានរួមចំណែកក្នុងការកាត់បន្ថយ និងទប់ទល់បម្រែបម្រួលអាកាសធាតុសកល ដែលជាកង្វល់របស់ពិភពលោកទាំងមូល នាពេលបច្ចុប្បន្ន។
លោកបានណែនាំថា ដើម្បីជួយក្នុងកិច្ចការពារ និងអភិវឌ្ឍន៍ធនធាន និងនាំយកសត្វខ្លាធំមកវិញបាន គឺទាមទារឲ្យមានកិច្ចសហការយ៉ាងស្អិតល្មួត និងមានការចូលរួមពីគ្រប់ភាគីរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន។
លោកបន្តថា ភូមិភាគឦសាន្តជាតំបន់សម្បូរដោយធនធានធម្មជាតិ ដែលមានអាយុកាលរាប់រយឆ្នាំ ជីវចម្រុះ និងអំបូរសត្វព្រៃជិតផុតពូជជាច្រើនប្រភេទ ដូចជា ទន្សោង ខ្លារខិន ខ្លាឃ្មុំ ដំរី ខ្ទីង ក្រពើព្រៃ ក្របីព្រៃ ទោច ត្រយ៉ង ត្មាតជាដើម។ ធនធនទាំងនេះ គឺជាផលិតផលទេសចរណ៍សម្រាប់ទាក់ទាញទេសចរបំផុត។
ក្រសួងទេសចរណ៍មានបំណងប្រាថ្នាក្នុងការអភិវឌ្ឍតំបន់ភូមិភាគឦសាន្ត ជាពិសេសខេត្តមណ្ឌលគិរី និងក្លាយជាប៉ូលទេសចរណ៍សំខាន់ទីបីរបស់ប្រទេសសម្រាប់អេកូទេសចរណ៍ និងសត្វព្រៃ ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទារទេសចរគ្រប់គ្រាន់។
លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា សត្វខ្លាធំ និងគោព្រៃ ដែលជាតំណាងជាតិត្រូវបានបាត់បង់ និងផុតពូជ មិនមានវត្តមានក្នុងព្រៃប្រទេសកម្ពុជាតទៀតទេ។ រូបភាពនៃសត្វខ្លាធំចុងក្រោយត្រូវបានឃើញឆ្នាំ២០០៧ ក្នុងតំបន់ជម្រកសត្វព្រៃស្រែពក ក្រោយមកទោះបីជាមានការតាមដាន និងដាក់កាមេរ៉ាជាច្រើនកន្លែងក៏មិនផ្តិតរូបភាពខ្លាធំដែរ។ ទន្ទឹមគ្នានេះដែរ ខ្លាធំនេះក៏ផុតពូជដែរនៅវៀតណាម ឡាវ និងផ្នែកខាងត្បូងនៃប្រទេសចិន។ ក្នុង១០០ឆ្នាំចុងក្រោយ សត្វខ្លាធំបានថយចុះរហូតដល់ ៩៧% នៅពេលបច្ចុប្បន្នសត្វខ្លាធំនៅសល់ប្រមាណជា ៣,២០០ក្បាល ដែល៧០ភាគរយនៃចំនួនសត្វខ្លាធំនេះ គឺមានវត្តមាននៅប្រទេសឥណ្ឌា។
លោកបន្ថែមថា ការអភិរក្សសត្វព្រៃ និងស្តារសត្វខ្លាធំឲ្យមាននិរន្តរភាព និងជោគជ័យគឺចាំបាច់ត្រូវមាននិរន្តរភាពហិរញ្ញវត្ថុ មានតែវិស័យទេសចរណ៍ទេ ដែលនឹងផ្តល់នូវហិរញ្ញវត្ថុសម្រាប់ចំណាយប្រតិបត្តិការការពារ និងអភិរក្ស។ ក្រសួងទេសចរណ៍នឹងផ្តល់កិច្ចសហប្រតិបត្តិការ ជាមួយអង្គការ WWF និងក្រសួងបរិស្ថាន ដើម្បីធ្វើការងារនេះឲ្យបានជោគជ័យ។
សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិចំនួន ៥លាននាក់ កើនឡើង៥% រួមចំណែកប្រមាណជាង ១0% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦០ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួនជាង ៣.១លាននាក់ កើនឡើង១២%។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដោយនាំមកនូវចំណូលជាតិប្រមាណជា ៥,០០០លានដុល្លារ បង្កើតការងារដោយផ្ទាល់ប្រមាណ១លាននាក់៕
{IfMobile}
{ElseMobile}
{EndIfMobile}