(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតយភូមិ (បាក់ឌុប) មានសិស្សានុសិស្សចំនួនធំ បានសម្រុកមកបន្ដការសិក្សា និងជ្រើសរើសយកជំនាញផ្សេងៗ ក្នុងនោះឃើញថា និស្សិតភាគច្រើនកំពុងចាប់អារម្មណ៍ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ ព្រោះមុខវិជ្ជានេះ ជាគន្លឹះចំណេះជំនាញ ក្នុងការបើកអាជីវកម្ម នៅពេលដែលបញ្ចប់ការសិក្សា។
លោក គុណ កាញរិទ្ធិ និស្សិតឆ្នាំទី១នៃដេប៉ាតឺម៉ង់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងឲ្យដឹងថា ជំនាញគ្រប់គ្រងពាណិជ្ជកម្មនេះ ជាជំនាញមួយ ក្នុងការបណ្ដុះគំនិតនិស្សិតទាំងអស់ ឲ្យក្លាយទៅជាសហគ្រិនភាព និងមួយផ្នែកទៀត គឺបណ្ដុះឲ្យនិស្សិតមានផ្នត់គំនិត ផ្នែកជំនួញនៅកម្ពុជា។
លោកបានបញ្ជាក់ទៀថា «ចំពោះនិស្សិតដែលចូលរៀនក្នុងដេប៉ាតឺម៉ង់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិនេះភាគច្រើន គឺមានផ្នត់គំនិតផ្នែកជំនួញ ឬជាអ្នកគ្រប់គ្រង គឺគ្រប់គ្រងទៅលើសេវាកម្ម និងផ្នែកផ្សេងៗដែលទាក់ទងនឹងអាជីវកម្ម»។
កញ្ញា សួស គីមសៀង និស្សិតឆ្នាំទី១នៃដេប៉ាតឺម៉ង់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា គោលបំណងនៃជ្រើសរើសជំនាញគ្រប់គ្រង់ពាណិជ្ជកម្មអន្ដរជាតិនេះ ដើម្បីអាចយល់ដឹងពីការវិនិយោគ ការប្រកបអាជីវកម្មផ្សេងៗ។
កញ្ញាបានបន្ដទៀតថា សម្រាប់ការបើវគ្គជំនាញនេះ ក៏ជួយឲ្យប្រជាជនកម្ពុជា មានការស្វែងយល់ច្រើន ពីការធ្វើវិនិយោគទុន ការរកស៊ីនិងការគ្រប់គ្រងជំនួញផ្សេងៗទៀតផងដែរ។ ម្យ៉ាងវិញទៀត វាក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគទុនបរទេស មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
កញ្ញាបានបន្ថែមទៀតថា ក្នុងការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិនេះ នឹងផ្ដល់ឱកាសការងារដល់និស្សិតជាច្រើនប្រភេទ ព្រោះថាការដឹកនាំ និងការបង្រៀនផ្សេងៗ របស់សាស្រ្ដាចារ្យ គឺចង់ឲ្យនិស្សិត មានភាពជាអ្នកដឹកនាំ ក៏ដូចជាមានភាពម្ចាស់ការ ក្នុងការគ្រប់គ្រងការងារក៏ដូចជាមុខជំនួញផ្សេងៗ ដូច្នេះពួកគាត់អាចធ្វើការតាមសហគ្រាស ស្ថាប័ន ធំតូច ឬក៏អាចជាអ្នកគ្រប់គ្រង់ផងដែរ៕