(បាត់ដំបង)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន បានចុះបង្ក្រាបទីតាំងស្ដុក ផលិតផលសាប៊ូលាងខ្លួន២កន្លែង នៅខេត្តបាត់ដំបង ដែលបានរំលោភកម្មសិទ្ធិបញ្ញា។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង នៅថ្ងៃទី០៣ ខែតុលា ដោយលោកបានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទ ល្មើសកម្មសិទ្ធិបញ្ញា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ ដែលស្ថិតក្រោមការសម្របសម្រួលពី លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
បើតាមប្រធាននាយកដ្ឋានរូបនេះ ទីតាំងដែលត្រូវបានចុះបង្ក្រាបនេះ មានចូលស្តុក ចែកចាយ ផលិតផលសាប៊ូលាង ខ្លួនម៉ាក LANO & Device ក្លែងបន្លំពាណិជ្ជសញ្ញា ដែលរំលោភច្បាប់ ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) លើទីតាំងចំនួន០២ក្នុងក្រុងបាត់ដំបង ដោយទីតាំងទី១៖ ហាង ហេង ឆាយលី ផ្លូវលេខ០២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ ឈីវ តាំងអ៊ី អាយុ៣២ឆ្នាំ និងទីតាំងទី២៖ ដេប៉ូចែកចាយ លី វង្សឌី ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ៥០៩ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (ខាងត្បូងវត្តរំដួល) ដែលមានម្ចាស់ឈ្មោះ លី វង្សឌី អាយុ៤២ឆ្នាំ។
ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូត វត្ថុតាងសរុបទាំង២ទីតាំង ចំនួន១៦០៥ដប ហើយត្រូវបានយកមករក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកោះហៅម្ចាស់ទីតាំងទាំង០២ មកស្នងការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធី៕