(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំលោក សុខ សម្បត្តិ ចៅសង្កាត់រងគីឡូម៉ែត្រលេខ៦ និងមន្ត្រីក្រោមឱវាទមួយចំនួន មកទទួលយកនូវទេយ្យទាន មានជាបច្ច័យ និងគ្រឿងឧបភោគបរិភោគសរុបជាង៧លានរៀល ពីព្រះតេជព្រះគណ កុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការស្ដីទី «វត្តទួលសន្តិវ័ន» (ហៅទួលអស់លោក) ស្ថិតក្នុងក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រោមការចូលរួមជាកិត្តិយសពីព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ រាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ។

បច្ច័យ និងគ្រឿងឧបភោគបរិភោគទាំងនេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុកបន្តចែកជូនជួយសង្គ្រោះតាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសប្រគល់ និងទទួលបច្ច័យ និងគ្រឿងឧបភោគបរិភោគ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងព្រះតេជគុណ កុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការស្ដីទី ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តទួលសន្តិវ័ន្ដ ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។

លោក ជា ពិសី បានថ្លែងទៀតថា លោកនឹងសន្យាបន្តពាំនាំយកនូវបច្ច័យ រួមជាមួយគ្រឿងឧបភោគបរិភោគ សរុបប្រមាណជាង៧លានរៀល ដែលព្រះតេជគុណ កុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការស្ដីទី (វត្តទួលអស់លោក) បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ មានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជនទីទាល់ក្រ គ្មានទីពឹងជួលផ្ទះគេ ចាំផ្ទះឲ្យគេ បុណ្យសពតាមទីវត្តអារ៉ាម ឫជួបឧបត្តវហេតុផ្សេងៗ «ពោលគឺជនងាយរងគ្រោះ» ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ ព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បានមានសង្សដីកាថា សម្រាប់បច្ច័យ និងគ្រឿងឧបភោគបរិភោគ និងត្រូវជួយផ្ដល់ជាបន្តបន្ទាប់ មកឲ្យអនុសាខាកាកបាទក្រហមកម្ពុជា តាមរយះប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ លោក អ៊ំ សំបូរ ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការអាចារ្យវត្តបានចូលរួមសហការបរិច្ចាគនូវវប្បធម៌ចែករំលែកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ជាអភិបាលខណ្ឌ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ៕

បន្ថែមពីនេះ ព្រះតេជព្រះគុណ កុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការស្ដីទី គង់នៅវត្ត «ទួលសន្តិវ័ន» (ហៅវត្តទួលអស់លោក) បានមានសង្សដីកាថា ចំពោះបច្ច័យ ដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ មានចំនួន៤លានរៀល អង្ករ១តោន ទឹកដោះគោ២០កំប៉ុង ទឹកក្រូច៥កេស ស្ករស៣០គីឡូ ទឹកសុទ្ធ១០កេស ទឹកត្រី១០យួរ ទឹកស៉ីអ៉ីវ១០យួរ ម៊ី១០កេស តែ២០០កញ្ចប់ ត្រីខ១០យួរ បាឡុង២សម្រាប់ ដោយសរុប៧.៥៤០.០០០ (ប្រាំពីរលាន ប្រាំសែន បួនម៉ឺនរៀល)៕