(ភ្នំពេញ) ៖ ដើម្បីចូលរួមអបអរសាទរ "ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា" និងដើម្បីផ្តល់ឱកាសដល់មន្ត្រី-បុគ្គលិកជើងចាស់ និងអ្នកបន្តវេន បានជួបជុំគ្នា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងនោះ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំឱ្យមានពិធីជួបជុំ និងសំណេះសំណាលមួយជាមួយនិវត្តជន និងក្រុមគ្រួសារមន្ត្រី-បុគ្គលិកដែលបានទទួលមរណភាព ចំនួន ៧៣នាក់ ដែលធ្លាប់បម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ។
ទន្ទឹមនឹងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអាននូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី ១៩ ជូនចំពោះនិវត្តជន និងមន្ត្រី-បុគ្គលិកទាំងអស់ដែលបានអញ្ជើញចូលរួម។
ក្នុងពិធីសំណេះសំណាលនោះ និវត្តជន បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏សែនកំសត់ និងការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់ចម្ការមីន កាត់វាល ចូលព្រៃ និងទីជនបទដាច់ស្រយ៉ាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមក ដើម្បីនាំយកអំណោយជូនដល់ដៃជនរងគ្រោះ។
ជាមួយគ្នានោះ និវត្តជនបានថ្លែងថា ទោះបីពួកគាត់បាន ចូលនិវត្តរ៍ហើយក្តី តែពួកគាត់មានមោទនភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលធំធេងរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែនឹករលឹក ចងចាំមិនភ្លេចពីស្នាដៃជាច្រើនដែលមន្ត្រី-បុគ្គលិកជំនាន់មុន បានកសាងឡើង ហើយបន្សល់ទុក ជាមូលដ្ឋានគ្រឹះ នៃការបន្តអភិវឌ្ឍ ដល់អ្នកបន្តវេន ជាពិសេស ថែមទាំងគិតគូរពីសុខទុក្ខរបស់ពួកគាត់ គ្រប់ពេលវេលា មិនភ្លេចមួយគ្រាណាឡើយ។
យ៉ាងណាម៉ិញ ទិវាមនុស្សចាស់ឆ្នាំនេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ គ្រួសារ និងសង្គមជាតិ» ដែលជាទិវាមួយសម្រាប់ រំលឹកគុណដល់មនុស្សចាស់នៅកម្ពុជា ក៏ដូចជាមនុស្សចាស់នៅទូទាំងសាកលលោកដែរ ហើយក៏មានគោលបំណងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់វ័យ ពិសេស ចំពោះមនុស្សចាស់។
ជាចំណងដៃក្នុងឱកាសជួបជុំនេះ និវត្តជន និងក្រុមគ្រួសារអ្នកទទួលមរណភាពទាំង ៧៣នាក់ បានទទួលអំណោយមនុស្សធម៌ ក្នុងម្នាក់ៗ ថវិកា ២លានរៀល និងការពិសារអាហារសាមគ្គីមួយពេលទៀតផង៕