(ភ្នំពេញ)៖ សហគ្រិនជោគជ័យ៣រូប បានចូលរួមចែករំលែកបទពិសោធន៍ ស្ដីពីយុទ្ធសាស្រ្ដក្នុងការធ្វើ ប្រេនឌីង (Branding) ទៅដល់សាធារណជន ដែលកំពុងតែចាប់ផ្ដើមធ្វើអាជីវកម្ម ដើម្បីជាគំនិតក្នុងការប្រកបអាជីវកម្មប្រកបដោយភាពជោគជ័យ។
សហគ្រិនជោគជ័យទាំង៣រូបនេះរួមមាន លោក ហុង សុហួរ អគ្គនាយកក្រហ៊ុន ផ្សារមូលបត្រកម្ពុជា លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឃ្យូខេសិន និង លោក ឃុន ឈុនដារ៉ា ស្ថាបនិកភេសជ្ជៈ KOI។
ថ្លែងក្នុងវេទិកាស្ដីពីយុទ្ធសាស្រ្ដក្នុងការធ្វើ ប្រេនឌីង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ហុង សុហួរ បានថ្លែងឲ្យដឹងថា «ផ្សារមូលបត្រកម្ពុជា បានរៀបចំកម្មវិធីនេះឡើង មួយត្រីមាសម្ដង ដើម្បីជាឱកាសដល់អ្នកដែលចាប់អារម្មណ៍នឹងការធ្វើអាជីវកម្ម ក៏ដូចជាអ្នកចាប់ផ្ដើមអាជីវកម្មដំបូង ដែលចង់មានគំនិតបន្ថែមផ្សេងៗ ឬចង់បើកអាជីវកម្មថ្មី ឲ្យទទួលបានបទពិសោធន៍ពីរៀមច្បង ដែលជោគជ័យក្នុងវិស័យអាជីវកម្មស្រាប់ ដែលលេចធ្លោរក្នុងប្រទេសកម្ពុជា»។
លោកបានបន្ដទៀថា សហគ្រិនជោគជ័យទាំងអស់នឹងចាប់ផ្ដើមចែករំលែកបទពិសោធន៍ យោលបល់ផ្សេងៗ ហើយអ្នកចូលរួមទាំងអស់នឹង ទទួលបាននូវបទពិសោធន៍ មេរៀន ឧបសគ្គ ឬវិធីដើម្បីទទួលបានជោគជ័យ នៅពេលដែលចាប់ផ្ដើមអាជីវកម្ម ដូច្នេះយើងនៅក្នុងផ្សារមូលបត្រកម្ពុជា នឹងព្យាយាមពង្រឹងវិស័យឯកជន ដើម្បីទៅថ្ងៃក្រោយអាចជួយដល់វិស័យសេដ្ឋកិច្ចឲ្យរឹងមាំ។
ក្នុងនោះលោក វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានឲ្យដឹងដែរថា ប្រេនឌីង គឺជាវិធីសាស្រ្ដបំផុលឲ្យគេស្គាល់នូវអត្តសញ្ញាណ កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ប្រេនឌីង មិនមែនជា Logo មិនមែនជា វេបសាយ នោះឡើយ តែជាវិធីសាស្រ្ដធ្វើយ៉ាងណាឲ្យគេដឹងស្គាល់ និងយល់។
លោកបានបញ្ជាក់ទៀតថា សម្រាប់អ្នកចាប់ផ្ដើមធ្វើអាជីវកម្មដំបូង ត្រូវយល់ឲ្យច្បាស់ថា តើត្រូវធ្វើអាជីវកម្មអ្វី? តើមានទីផ្សារ សម្រាប់អាជីវកម្មនេះហើយឬនៅ? ប្រសិនបើទីផ្សារមានហើយ តើចំណង់ចំណូលចិត្ត ចំណេះជំនាញរបស់យើងខ្លាំងប៉ុណ្ណា? ប្រសិនបើយើងខ្លាំង ច្បាស់លាស និងចូលចិត្តហើយនោះ យើងនឹងអាចសម្រេចបានហើយ។ បន្ទាប់ពីយើងសួរខ្លួនឯងរួចហើយ ត្រូវបន្ដសួរទៀតថា តើយើងមានធនធានគ្រប់គ្រាន់ឬនៅ ទាំងធនធានថវិកា ធនធានមនុស្ស និងមានបច្ចេកទេសធ្វើឬអត់? ប្រសិនបើមានគ្រប់គ្រាន់ហើយចាំបន្ដធ្វើ និងរៀបចំធ្វើ LOGO រៀបចំបុគ្គលិក រៀបចំធនធានមនុស្ស រចនាសម្ព័ន្ធការផ្សព្វផ្សាយ ហើយបន្ទាប់មកទៀតគឺការបន្ដធ្វើប្រេនឌីង។
លោកបានឲ្យដឹងទៀតថា «ដើម្បីប្រកបអាជីវកម្មអ្វីមួយ ត្រូវតែឆ្លងកាត់ការៀនសូត្រឲ្យច្រើន អានច្រើនចេះច្រើន.... ដូច្នេះហើយទើបគេឲ្យពួកយើងខំរៀន ខំធ្វើការ មុននឹងយកលុយទៅវិនិយោគទុន គេឲ្យយើងយកចំណេះដឹង ចំណង់ចំណូលចិត្ត ជំនាញទៅវិនិយោគទុនជាមុនសិន ត្រូវធ្វើការឲ្យគេឆ្លងកាត់ និងយកបទពិសោធន៍ជាមុនសិន ទើបមិនធ្វើឲ្យយើងយកលុយទៅបំផ្លាញចោល
ដូច្នេះសំខាន់ត្រូវតែស៊ីជម្រៅ ឲ្យបានច្បាស់ពីអ្វីដែលយើងចង់ធ្វើ ទាំងចំណេះដឹង បទពិសោធន៍ ច្បាស់លាស់ ទើបអាចធ្វើឲ្យអ្នកមិនបរាជ័យ»។
សហគ្រិនវ័យក្មេងកម្ពុជា លោក ឃុន ឈុនដារ៉ា បានឲ្យដឹងដែរថា «ក្នុងថ្ងៃនេះ ខ្ញុំគ្រាន់តែចែករំលែកដល់បងប្អូន ដែលបានចូលរួមឲ្យយល់ដឹងបន្ថែមទៀត អំពីការធ្វើប្រេនឌីង ឲ្យកាន់តែស៊ីជម្រៅជាងមុនទៀត ខ្ញុំគិតថានៅក្នុងប្រទេសកម្ពុជា មានអ្នកចេះបង្កើតស្នាដៃបង្កើតផលិតផលល្អ និងសេវាកម្មប្លែកៗច្រើន ប៉ុន្ដែដោយសារតែយើងមិនទាន់ចេះធ្វើប្រេនឌីង Marketing ទើបធ្វើឲ្យផលិតផលរបស់យើង មិនត្រូវបានគេស្គាល់ច្រើន និងទូលំទូលាយលើទីផ្សារ»។
លោកបានបញ្ជាក់ទៀតថា «គោលបំណងរបស់ខ្ញុំ ចង់ជម្រុញអ្នកចេះបង្កើតផលិតផល តែមិនទាន់ចេះបង្កើតម៉ាក ឲ្យចេះបង្កើតម៉ាកដោយខ្លួនឯង ចេះខ្ចប់ នឹងចេះរៀបចំយ៉ាងណា ដើម្បីអាចឲ្យយើងយកទៅលក់នៅបរទេសបាន និងអាចពង្រីកមុខមាត់ទីផ្សារកម្ពុជាកាន់ប្រសើរ»៕