(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនកម្មករ កម្មការិនីនៅតំបន់រោងចក្រសេដ្ឋកិច្ចពិសេស បិតត្រាំង ដែលមានទីតាំងនៅ ចំណុចឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកស្រីឱសថការី លឹម សាមាន បានថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យ ព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ»

លោកស្រីឱសថការី លឹម សាមាន បានបន្តថា «មានកម្មករ-កម្មការិនីបម្រើការច្រើន ​ដោយរាជរដ្ឋាភិបាល ជាអ្នកចេញថ្លៃជួសនោះ ហើយក៏ដើម្បី ឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ពិសេសត្រូវចាត់ ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ក្នុងការលើកកម្ពស់ សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ»។ ការចុះពិនិត្យជំងឺជូនកម្មករ កម្មការរិនីបានអនុវត្តតាំងពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជូនកម្មករ កម្មការិនីបានចំនួន៤៩៩៥នាក់ ស្រី៣៦៥៨នាក់។

ក្នុងពិធីនោះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ និងអ្នកគ្រប់គ្រងបណ្តារោងចក្រសហគ្រាសទាំងអស់ ដែលបានចូលរួមសហការឲ្យក្រុមគ្រូពេទ្យបានចូលពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី។

លោក យន្ត មីន បានក្រើនរំលឹកទៅកាន់ កម្មករ កម្មការិនី ថាត្រូវខិតខំបញ្ចេញសមត្ថភាពធ្វើការ ស្មោះត្រង់ និងការងារហើយកុំប្រព្រឹត្តិ ល្បែងស៊ីសងខុសច្បាប់ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយជាពិសេសត្រូវមានអនាម័យក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនត្រូវពង្រាយសម្រាមពាសវាលពាសកាលដែលអាចធ្វើឲ្យខូចបរិស្ថាន នាំឲ្យកើតជំងឺផ្សេងៗជាដើម៕