(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនកម្ពុជាចំនួន២៩នាក់ ចូលជួបសំដែងការគួរសម មុននឹងទៅចូលរួមក្នុងកម្មវិធី យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។

ក្នុងឱកាសចូលជួនសម្តែងការគួរសម ដែលរៀបចំឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ប្រធានសមាគមយុវជនកម្ពុជា បានជម្រាបដល់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ចំពោះយុវជន ព្រមទាំងសូមសម្តែងនូវការអបអរសាទរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងតែបានចុះទៅជួយអន្តរាគមន៍ និងដោះស្រាយនូវរាល់បញ្ហា ដែលកើតមានឡើង ក្នុងរាជធានីបានទាន់ពេលវេលា។

លោក ឃួង ស្រេង បានលើកឡើងពីការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបង្ខិតសេវាសាធារណៈ ឲ្យទៅគៀកជាមួយប្រជាពលរដ្ឋ និងទីកន្លែងធ្វើការ ជួយបំពេញតម្រូវការដើម្បីកាត់បន្ថយនូវភាពក្រីក្រ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងបន្ថែមទៀត ពីការអភិវឌ្ឍ និងការការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ និងការការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងរាជធានីទាំងមូល។

លោក ឃួង ស្រេង បានស្នើឲ្យប្រតិភូនាវាយុវជន ដែលតំណាងឲ្យប្រទេសកម្ពុជាទាំង២៩នាក់ ដែលនឹងធ្វើដំណើរតាមកម្មវិធី យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ បន្តចូលរួមក្នុងសកម្មភាពការងារសង្គម ឲ្យបានច្រើនថែមទៀត ដើម្បីបំរើផលប្រយោជន៍ប្រជាជន និងសង្គមជាតិទាំងមូល។ ក្នុងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពសុខទុក្ខ និងសេចក្តីត្រូវការ ស្របពេលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងមានជីវភាពរីកចំរើននោះ។

សូមបញ្ជាក់ថា កម្មវិធីយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុននេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងមានការចូលរួមពីរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ានផងដែរ ក្នុងគោលបំណងផ្តល់ឱកាស ដល់យុវជនដូចជាពង្រឹងលើ កិច្ចសហប្រតិបត្តិការទំនាក់ទំនង ការរៀនធ្វើការជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍នានា និងចែករំលែកចំណេះដឹងផ្សេង។
កម្មវិធីយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដែលមានប្រទេសចំនួន៥ជាគោលដៅ៕