(ភ្នំពេញ)៖ លោក សួន វិសាល ប្រធានគណៈមេធាវី បានថ្លែងជំរុញដល់កម្មវិធីវិភាគទានច្បាប់ ឲ្យបន្ដបណ្ដុះបណ្ដាលច្បាប់ ស្ដីពីក្រមរដ្ឋប្បវេណី ទៅដល់មេធាវី នៅក្នុងក្រមខណ្ឌ, មហាជន ប្រជាពលរដ្ឋ និងព្យាយាមសរសេរអត្ថបទ សម្រាប់បោះពុម្ពផ្សព្វផ្សាយបន្ថែមទៀត ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយ។
លោក សួន វិសាល បានថ្លែងបែបនេះ ក្នុងឱកាសចុះកិច្ចព្រមព្រៀង រវាងគណៈមេធាវី និងកម្មវិធីវិភាគទានច្បាប់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នាសណ្ឋាគារសាន់វេ។
លោកបន្ដថា «កម្មវិធីវិភាគទានច្បាប់កន្លងមក បានបណ្តុះបណ្តាលច្បាប់រដ្ឋប្បវេណី ដល់និស្សិត និងមហាជន ដោយមិនគិតកម្រៃ ជាច្រើនរយនាក់ ដែលឆន្ទះនេះ ខ្ញុំគាំទ្រនិងលើកទឹកចិត្ដខ្ពស់ ឲ្យបន្ដបណ្ដុះបណ្ដាលថែមទៀត ទៅក្រមខ័ណ្ឌមេធាវី មហាជន ឬប្រជាពលរដ្ឋ ហើយខ្ញុំចង់ឃើញមេធាវីផ្សេងទៀត មានឆន្ទះដូចជាគាត់ ហើយគណៈមេធាវីយើងគាំទ្ររហូត ដល់មេធាវីណា ដែលបម្រើសង្គម និងបម្រើមេធាវីរបស់យើង» ។
លោកបន្ដថា «អ្វីដែលកម្មវិធីវិភាគទានច្បាប់ បានធ្វើ គឺស្របនឹងគោលការណ៍ របស់គណៈមេធាវីយើង គឺដើម្បីឲ្យមេធាវីមួយប្រកបដោយវិជ្ជាជីវៈ លុះត្រាតែចេះច្បាប់យ៉ាងជំនាញ ហើយការចេះច្បាប់ មិនមែនចេះតែម្នាក់ឯងនោះទេ គឺសង្គមទាំងមូល ត្រូវចេះច្បាប់ ទើបច្បាប់មានតម្លៃ ហើយនៅក្នុងនេះ គឺជាចំណែកមួយដ៏សំខាន់ ក្នុងយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ដ្រ ក្នុងសង្គមរបស់យើង ក្រសួងយុត្ដិធម៌ ស្ថាប័នតុលាការ និងអង្គភាពគណៈមេធាវីយើង រួមគ្នាពង្រឹងច្បាប់ ឲ្យមានការរីកចម្រើនបន្ថែមទៀត»។
ទន្ទឹមនឹងនោះ ស្ថាបនិកនៃកម្មវិធីវិភាគទានច្បាប់ លោកស្រីមេធាវី ទេព បូផល បានថ្លែងថា កម្មវិធីវិភាគទានច្បាប់នេះ ត្រូវបានបង្កើតឡើង រយៈពេលជាង២ឆ្នាំមកហើយ ដើម្បីចែករំលែក និងផ្សព្វផ្សាយក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដែលលោកស្រី បានសិក្សាជាមួយនឹងសាស្ដ្រាចារ្យល្បីៗទាំងជាតិ និងអន្ដរជាតិ ពិសេស ពីប្រទេសជប៉ុន យកមកបណ្ដុះបណ្ដាល ដល់សិស្សនិស្សិតកម្ពុជាយើង ឲ្យគាត់យល់ច្បាស់ពី ក្រមរដ្ឋប្បវេណីនេះ ដែលជាក្រមមួយ មានភាពស្មុគស្មាញ ពិបាកយល់ ដោយច្បាប់ថ្មី និងចាស់ ខុសគ្នាតែម្ដង ។ដូច្នេះ ត្រូវបណ្ដុះបណ្ដាល គាត់ឲ្យមានជំនាញច្បាស់លាស់ ពូកែលើផ្នែករដ្ឋប្បវេណី និងជាបុគ្គលដែលមានគំនិត ស្រលាញ់ផលប្រយោជន៍រួម ដើម្បីប្រទេសជាតិកាន់តែប្រសើរ។
លោស្រីបន្ដថា «ថ្មីៗនេះ យើងក៏បានបណ្ដុះបណ្ដាល ក្រមរដ្ឋប្បវេណីនេះ ក្រៅពីអ្នកច្បាប់ផងដែរ គឺដល់ប្រជាជន តាមរយៈកម្មវធីមួយឈ្មោះថា «បង្ហាញច្បាប់» ដោយបង្ហាញពី ករណី សុំកូនគេមកចិញ្ចឹម ការលែងលះគ្នា ទាក់ទង់នឹងការភ្ជាប់ពាក្យជាដើម ដែលយើងចែករំលែកចំណេះដឹងទៅពួកគាត់ តាមលក្ខណៈងាយៗ ដែលវីធីនេះ ព្រោះប្រជាពលរដ្ឋយើង ក៏ត្រូវយល់ដឹងពីច្បាប់ដែរ មិនអាចមិនដឹង និងមិនយល់សោះនោះទេ» ។
ស្ថាបនិករូបនេះ បន្ថែមថា «សម្រាប់កិច្ចព្រមព្រៀងយើងនៅពេលនេះ គឺជាផ្លែផ្កាមួយដ៏ធំ ដោយយើងខ្ញុំមានឱកាសបណ្តុះបណ្ដាល អ្វីដែលខ្ញុំមាន ជូនដល់ស្ថាប័នគណៈមេធាវី ហើយយើងនឹងធ្វើការ ជាអចិន្ដ្រៃយ៍ នៅគណៈមេធាវី ពាក់ព័ន្ធជាមួយនឹងការបណ្ដុះបណ្ដាលក្រមរដ្ឋប្បវេណីនេះ និងក្រមនីតិរដ្ឋប្បវេណី ហើយយើងខ្ញុំ ប្តេជ្ញាបន្តសកម្មភាពនេះ ទៀត ដើម្បីចូលរួមចំណែកលើវិស័យយុត្តិធម៌ ស្របតាមគោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា» ។
សូមបញ្ជាក់ថា សម្រាប់សិស្សិនិស្សិតច្បាប់នានា ចាប់ពីឆ្នាំទី២ទៅ ឬសិស្សមេធាវី និងចៅក្រម គឺអាចមកប្រឡងចូលរៀន ជាមួយកម្មវីធីវិភាគទានច្បាប់បាន ដែលអគារសិក្សានៅជាន់ទី៦ បន្ទប់៦០៥ នៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ(PPIU) ៕