(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានចេញរបាយការណ៍ជាផ្លូវការ បញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ របស់កម្ពុជា ក្នុងអត្រាកំណើន៦.៨% ក្នុងឆ្នាំ២០១៧ និង៦.៩% ក្នុងឆ្នាំ២០១៨។

របាយការណ៍របស់ ធនាគារពិភពលោក បានលើកឡើងថា «កំណើននឹងកើនឡើង ៦.៨% ក្នុងឆ្នាំ២០១៧ និង៦.៩% ក្នុងឆ្នាំ២០១៨ ដោយមានការគាំទ្រពីការធ្វើពិពិធកម្មនៃការនាំចេញ ការបង្កើនចំណាយសាធារណៈ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ហានិភ័យ ដែលអាចធ្វើឲ្យលទ្ធផលជាក់ស្ដែងទាបជាងអ្វី ដែលព្យាករណ៍ក្នុងទស្សនវិស័យនេះរួមមាន ការថមថយយ៉ាងគំហុកនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងភាពមិនប្រាកដប្រជា ដែលអាចកើតឡើង ពាក់ព័ន្ធនឹងការបោះឆ្នោត»។

ធនាគារពិភពលោក បានបញ្ជាក់ទៀតថា ការថយល្បឿននៃវិស័យវាយភ័ណ្ឌ និងសំណង់ អាចបង្កផលប៉ះពាល់ដល់ការរកចំណូល ទទួលទានរបស់ប្រជាពលរដ្ឋក្រីក្រ ដោយសារចំនួនម៉ោងធ្វើការបន្ថែម ឫចំនួនថ្ងៃធ្វើការបន្ថែម អាចមានការថយចុះ។ ការអង្កេតជាបឋមប្រចាំត្រីមាស ដែលធ្វើឡើងកាលពីថ្មីៗនេះ ជាមួយកម្មករកាត់ដេរក្នុងទីក្រុងភ្នំពេញ ក៏បានបញ្ជាក់ថា ចំណូលប្រចាំថ្ងៃរបស់កម្មករកាត់ដេរ មានការថយចុះក្នុង ខែឧសភា ឆ្នាំ២០១៧ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៧។

សូមជម្រាបថា ការព្យាការណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពីធនាគារពិភពលោកនេះ មានអត្រាកំណើនដូចគ្នាទៅនឹងការព្យាករណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទាបជាងការព្យាករណ៍ របស់ធនគារអភិវឌ្ឍន៍អាស៉ី (ADB) ដោយ ADB អះអាងថា សេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងអត្រាកំណើន ៧ភាគរយ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨៕