(កណ្តាល)៖ មេឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មកពីគណបក្សសង្គ្រោះជាតិ ឈ្មោះ មៀច ហ៊ បានចេញលិខិតបញ្ជាក់ និងទទួលស្គាល់អ្នកស្រី ប៉ូ តាំងអឿ ដែលមិនមែនជាប្រពន្ធស្របច្បាប់របស់សពលោក ម៉ង់ ពេញ មានតួនាទីជាមេប៉ុស្តិ៍រដ្ឋបាលឃុំសំពៅពូន ដើម្បីទទួលបានប្រាក់របបគោលនយោបាយចំនួន១០លានរៀល បន្ទាប់ពីលោកបានស្លាប់។
លោក ម៉ង់ ស ដែលត្រូវជាបងប្រុសបង្កើតលោកមេប៉ុស្តិ៍ ម៉ង់ ពេញ និងសាច់ញាតិ បានធ្វើដំណើរមកដល់ការិយាល័យនិពន្ធ Fresh News
កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ បានរៀបរាប់ថា ប្អូនប្រុសរបស់លោក មិនដែលមានប្រពន្ធកូននោះទេ គឺរូបគេនៅតែម្នាក់ឯង ដូច្នេះករណីនេះ គឺជាការក្លែងបន្លំឯកសារតែប៉ុណ្ណោះ ដើម្បីយកទៅបើកលុយរបបគោលនយោបាយរបស់ប្អូនរបស់លោក។
លោក ម៉ង់ ស បានរៀបរាប់ដំណើររឿងទៀតថា អ្នកស្រី ប៉ូ តាំងអឿ ធ្លាប់បានរស់នៅជាមួយប្អូនប្រុស របស់លោកនៅក្នុងប៉ុស្តិ៍ ប៉ុន្តែមិនបាន
រៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់នោះទេ គឺគ្រាន់តែរស់នៅដូចជាស្រីកំណាន់ចិត្តធម្មតាទេ។ លោកបានបន្តទៀតថា បន្ទាប់ពីរស់នៅជាមួយគ្នា
បានមួយរយៈ អ្នកស្រី ប៉ូ តាំងអឿ បានលួចប្រាក់របស់ប្អូនលោក ដែលទើបលក់ម៉ូតូយកទៅលេងបៀរអស់ ហើយក៏ឈ្លោះ និងបានបែកបាក់គ្នា
តាំងពីអំឡុងឆ្នាំ២០០២មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក ប្អូនរបស់លោក និងអ្នកស្រី ប៉ូ តាំងអឿ មិនមានទំនាក់ទំនងជាមួយគ្នាទៀតទេ។
លោក ម៉ង់ ស បានបញ្ជាក់ថា បន្ទាប់ពីបែកបាក់គ្នាជាមួយ អ្នកស្រី ប៉ូ តាំងអឿ ប្អូនប្រុសរបស់គាត់បានផ្លាស់ទៅបម្រើការ នៅប៉ុស្តិ៍រដ្ឋបាលសំពៅពូន។ បន្ទាប់ពីផ្លាស់ប្តូរប៉ុស្តិ៍រដ្ឋបាល ប្អូនប្រុសរបស់គាត់បានទាក់ទងជាមួយនារីម្នាក់ទៀត ប៉ុន្តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចអ្នកស្រី ប៉ូ តាំងអឿ ដែរ។
ស្រាប់ប្អូនប្រុសរបស់លោកស្លាប់ ខាងស្នងការដ្ឋានខេត្តកណ្តាល បានចុះទៅសាកសួរ ស្រាប់តែអ្នកស្រី ប៉ូ តាំងអឿ បានរៀបចំឯកសារដើម្បីបន្លំ
ខ្លួនថា ជាប្រពន្ធស្របច្បាប់របស់ប្អូនគាត់ទៅវិញ ដើម្បីបើកប្រាក់របស់ប្អូនរបស់គាត់។ ចំពោះការស្លាប់របស់ប្អូនរបស់គាត់តាំងពីឆ្នាំ២០១៥
មកម្ល៉េះ តែមេឃុំជាប់ថ្មី របស់គណបក្សសង្គ្រោះជាតិ ទើបបានបញ្ជាក់នៅឆ្នាំ២០១៧នេះ ទទួលស្គាល់ថា អ្នកស្រី ប៉ូ តាំងអឿ ជាប្រពន្ធស្របច្បាប់
ទៅវិញ។
យោងតាមលិខិតបញ្ជាក់ របស់លោកមេឃុំ ដែលត្រូវបានមេភូមិបញ្ជូនមក បានបញ្ជាក់ថា អ្នកស្រី ប៉ូ តាំងអឿ កើតនៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ
១៩៨៣ បច្ចុប្បន្នរស់នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ពិតជាប្រពន្ធរបស់លោក ម៉ង់ ពេញ ពិតប្រាកដមែន។ យ៉ាង
ណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទាក់ទងទៅមេភូមិ និងមេឃុំសុំការបំភ្លឺបាននោះទេ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ៕