(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទេសចរណ៍ប្រកបដោយនិរន្តរភាពជាយន្តការសម្រាប់ការអភិវឌ្ឍន៍» ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ មន្ត្រីរាជការប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋមូលដ្ឋានប្រមាណ៣០០នាក់។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការងារទេសចរណ៍ខេត្តកំពង់ស្ពឺឆ្នាំ២០១៦ ទទួលបានទេសចរណ៍សរុបចំនួន១៩០, ៩០៤នាក់ ដោយឡែក៩ខែដើម ឆ្នាំ២០១៧នេះ មានទេសចរណ៍សរុបចំនួន១៩៥,២៨៤នាក់ មានការកើនឡើង២.២% តាមរយៈវិស័យទេសចរណ៍ បានផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋក្នុងខេត្ត
ប្រមាណ១៨៣០នាក់ និងប្រយោជន៍ជាច្រើនទៀត ព្រមទាំងនាំមកនូវចំណូលខេត្តរាប់ម៉ឺនលានរៀល រួមចំណែកលើកកំពស់សេដ្ឋកិច្ចខេត្តឲ្យមានការរីកចំរើនគួឲ្យចាប់អារម្មណ៍។

លោក សៅ សារ៉ន បានបន្តថា រមណីយដ្ឋានទេសចរណ៍នានា សរុបចំនួន០៩កន្លែង ក្នុងនោះសហគមន៍ទេសចរណ៍ចំនួន២កន្លែង, កីឡាទេសចរណ៍១កន្លែង និងគោលដៅទាក់ទាញទេសចរណ៍ជាច្រើនកន្លែងទៀត។ សម្បទាសេវាកម្មទេសចរណ៍មានដូចជា៖ សណ្ឋាគារចំនួន៥កន្លែង ស្មើនឹង១៥៦បន្ទប់ សេវាស្នាក់នៅចំនួន១២៩កន្លែង ស្មើនឹង១០១៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន មានចំនួន១០០កន្លែង ស្មើនឹង៤៥៥៦ កៅអីម៉ាស្សាចំនួន៤កន្លែង ស្មើនឹង១៤បន្ទប់ មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យចំនួន២៧នាក់ ស្មើនឹង៩៩បន្ទប់ស្នុគឃ័រចំនួន៦កន្លែង ស្មើនឹង១៥តុ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា កំណើនទេសចរណ៍ឥតឈប់ឈរនៃការរីកចំរើននេះ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងឲ្យបានច្បាស់លាស់ ក្នុងនោះក្រសួងទេសចរណ៍ ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការកំណែទម្រងវិស័យទេសចរណ៍ (២០១៥ និង២០១៨) ដោយផ្តោតទៅលើមុំ៤ជាអាទិភាព ដែលមានចលនាប្រលង ប្រណាំងគឺទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋាកិច្ចល្អ ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាស្នូល។

លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បាននិយាយថា លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់យុទ្ធសាស្ត្រ២ចំណុចសំខាន់ៗ ក្នុងការបន្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាឲ្យមាននិរន្តរភាពដើម្បីចូលរូមសម្រេចគោលដៅ និងជុំរុញចលនាទេសចរណ៍ក្នុងស្រុក និងបង្កើតភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្ត។

លោក សុខ ភា បានបន្តថា ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍន៍» និងមានការចូលរួមពីភាគីពាក់ព័ន្ធមន្ត្រីរាជការប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋមូលដ្ឋានប្រមាណ៣០០នាក់។

អភិបាលរងខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា ដើម្បីទាក់ទាញយកគុណប្រយោជន៍ ពីវិស័យទេសចរណ៍ ឲ្យបានជាអតិបរមា និងការបែងចែកដោយសមធម៌ ដោយមិនទុកនរណាម្នាក់ចោល នៅពីក្រោយនៃការអភិវឌ្ឍន៍នោះទេ។ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៤ (រដ្ឋឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ) សំដៅធានាឲ្យមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងកិច្ចវិវឌ្ឍន៍ទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍។

លោកបន្ដទៀតថា ត្រូវបន្តធានាឲ្យបានទំនាក់ទំនងជាវិជ្ជមាន រវាងវិស័យទេសចរណ៍ និងភពផែនដីឆ្ពោះទៅអនាគតកាន់តែមានភាពបៃតង ដោយក្រសួងទេសចរណ៍សហការជាមួយស្ថាប័នពាក់ព័ន្ធផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សព្វផ្សាយ និងបញ្ជ្រាលការយល់ដឹងអំពីការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព៕