(ស្វាយរៀង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះថា គ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ទម្លាក់លើទឹកដីខ្មែរចំនួន២គ្រាប់ កប់ក្នុងបរិវេណវត្តគគីរ និងសាលាបឋមសិក្សាគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ពេលនេះគ្រាប់បែក១គ្រាប់ ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមី របស់ក្រសួងការពារជាតិរកឃើញហើយ។

លោក ហេង រតនា បានបញ្ជាក់យ៉ាងខ្លីថា «យើងបានរកឃើញគោលដៅហើយ ដោយយើងធ្វើប្រតិបត្តិការម្តងមួយទីតាំង ដូច្នេះទីតាំងទីមួយ មន្ត្រីជំនាញរបស់យើងបានរកឃើញគ្រាប់បែកនោះហើយ។ បន្ទាប់បញ្ចប់ទីតាំងទីមួយ យើងនឹងបន្តទៅតាំងទី២ទៀត»។

សូមជម្រាបថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីនៃក្រសួងការពារជាតិ បាននិងកំពុងបន្តប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅក្នុងបរិវេណវត្ត និងសាលារៀនក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបន្តជម្លៀសប្រជាពលរដ្ឋ នៅជុំវិញតំបន់ប្រតិបត្តិការប្រមាណជិត១ពាន់នាក់ ចេញពីផ្ទះសំបែងរបស់ពួកគាត់ផងដែរ ទៅកន្លែងទីទួលសុវត្ថិភាព ដែលមានចំងាយជិត២គីឡូម៉ែត្រ ពីតំបន់ប្រតិបត្តិការផងដែរ។

ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ បើទោះបីជាផ្លូវច្បាប់ទាំងសហរដ្ឋអាមេរិក និងសហការសហប្រជាជាតិ មានតួនាទីចូលរួមទទួលខុសត្រូវលើអាវុធគីមីនេះក្តី ដោយយោងទៅតាម​ អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមី​របស់អង្គការសហប្រជាជាតិ។

អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់ Fresh News ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជា​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕