Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់រថយន្តស្លាកលេខនគរបាល ដឹកឈើចេញពីទីតាំងនគរបាលវរព្រំដែនគោកវរ៨២៣ ស្រុកសំឡូត ខណៈលេចឮថា មានអ្នកកំពុងរត់ការដោះលែងវិញ

04-10-2017 11:27

(បាត់ដំបង)៖ រដ្ឋបាលព្រៃឈើស្រុកសំឡូត សហការជាមួយកម្លាំងអាវុធហត្ថស្រុករតនៈមណ្ឌល បានស្ទាក់ចាប់រថយន្តដឹកឈើ របស់នគរបាលវរការពារព្រំដែនលេខ៨២៣ ដែលមានលោក លោក យឹម វិចិត្រ ប្រធានអង្គភាពនគរបាលវរការពារព្រំដែនគោក៨២៣ ក្នុងស្រុកសំឡូត ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង។

ប្រតិបត្តិការស្ទាក់ចាប់ រថយន្តដឹកឈើពាក់ស្លាកនគរបាលនេះ របស់ប្រធានអង្គភាពនគរបាលវរៈការពារព្រំដែនគោក៨២៣នេះ ធ្វើឡើងនៅរសៀល​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ២០១៧ ដែល​ជា​ប្រភេទ​ឈើ​​គគីរ​ និង​ឈើ​ដួង​ចែម​។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច រថយន្ត​ដឹក​ឈើ​​នោះ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ទម្ងន់​២.៥​តោន ពាក់​ស្លាក​លេខនគរបាល​ ២-១៥៤៣ ​ជា​រថយន្ត​របស់​អង្គភាព​នគរបាល​វរៈ​ការពារ ​ព្រំដែន​គោក​លេខ​៨២៣ ដែល​មាន​ទីតាំង​ក្បែ​រផ្លូវ ​ទៅ​កាន់​ច្រក​ទ្វារ​​តំបន់ ៤០០ ​ស្រុក​សំឡូត បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ ឈ្មោះ​ មឿ​ន វាសនា និង​រួម​ដំណើ​ការពារ​ដោយ​មនុស្ស​៤​នាក់​ទៀត ដែល​ជា​មន្ត្រី​នគរ​បាល​នៅ​អង្គភាព​៨២៣​ជាមួយ​គ្នា។

ប្រភពដដែលបញ្ជាក់ថា ឈើ​​ដែល​​មន្ត្រី​ព្រៃឈើ និង​កងរាជអាវុធ​ហត្ថ​ស្ទាក់​​ចាប់​​នោះ មាន​ចំនួន​៧​សន្លឹក​ធំ​ៗ (ក្ដារងឿ​​) ជា​ប្រភេទ​ឈើ​គគីរ​ ​និង​ឈើ​ដួងចែម​ បើ​តាម​ការ​សួរនាំ​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ឈើ​នោះឈើនោះ ជារបស់នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៨២៣​ ដោយ​គ្មាន​លិខិត​ស្នាម​ទេ ដោយបម្រុងដឹកយកទៅទុកនៅក្រុងបាត់ដំបង។

លោក គឹម ពៅ មេបញ្ជាការអាវុធហត្ថស្រុករតនៈមណ្ឌលបានបញ្ជាក់ថា លោកមិនបានដឹងរឿងអ្វីទេ គ្រាន់តែខាងរដ្ឋបាលព្រៃឈើស្រុកសំឡូត ពឹងពាក់ឲ្យជួយឃាត់រថយន្តនោះប៉ុណ្ណោះ ហើយឈើទាំងអស់នោះ ត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដឹកយកទៅខេត្តអស់ហើយ។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ម្នាក់ នៅខេត្តបាត់ដំបងទម្លាយថា ឈើទាំងនោះជារបស់លោក យឹម វិចិត្រ ប្រធានអង្គភាព នគរបាលវរៈការពារព្រំដែនគោក៨២៣ និងលោក ម៉ី ណាន់ មេប៉ុស្តិ៍នគរបាលច្រក៤០០ ដែលជាអ្នករកស៉ីដឹកឈើដ៏ល្បឺឈ្មោះ នៅស្រុកសំឡូតឈើប្រណិត។ បន្ទាប់ពីមានការឃាត់រថយន្តដឹកឈើនេះ មានមនុស្សចំនួន កំពុងរត់ការចង់ឲ្យមានការដោះលែងផងដែរ។

ពាក់ព័ន្ធករណីឃាត់រថយន្តដឹកឈើ ដែលសមត្ថកិច្ចអះអាងថា ជារបស់ប្រធានអង្គភាព នគរបាលវរៈការពារព្រំដែនគោក៨២៣ និងបក្ខពួកនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក ម៉ី ណាន់ និងលោក យឹម វិចិត្រ បានទេនៅព្រឹកថ្ងៃទី៤ ខែតុលានេះ៕