(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាតាមដានខ្លឹមសារ អនុសាសន៍ ICC-Angkor នៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨ ដើម្បីតាមដានខ្លឹមសារ នៃអនុសាសន៍ និងដាក់ជូនក្រុមមន្ត្រីជំនាញយកទៅកែសម្រួល លើគម្រោងដែលបានអនុវត្តកន្លងមក ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរអប្សរា និងមន្ត្រីជំនាញពាក់ព័ន្ធយ៉ាងច្រើន កោះករផងដែរ។

លោកបណ្ឌិត ស៊ុ ម៉ាប់ បានបន្តថា ការតាមដានខ្លឹមសារអនុសាសន៍នៃគណៈកម្មាធិការ ICC-Angkor នេះ គឺដើម្បីប្រាកដថាមន្ត្រីជំនាញដែល ទទួលបន្ទុកគម្រោងនីមួយៗ បានយល់ច្បាស់ ពីខ្លឹមសារនៃអនុសាសន៍ និងបានកែសម្រួលគម្រោងរបស់ខ្លួនទទួលបានប្រសិទ្ធភាពកម្រិតណា និងត្រៀមខ្លួនរាយការណ៍ ជូនការវិវត្ត នៃគម្រោងដល់គណៈកម្មាធិការនេះ នាកិច្ចប្រជុំពេញអង្គដែលនឹងចូលមកដល់នៅពាក់កណ្តាល ខែធ្នូខាងមុខនេះ។

សូមរថំលឹកថា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨ របស់ខ្លួនកាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌល អាជ្ញាធរជាតិអប្សរា ព្រមទាំងផ្តល់នូវអនុសាសន៍ជាច្រើនដល់គម្រោងនានា ដែលកំពុងអនុវត្តកិច្ចការរបស់ខ្លួន នៅក្នុងរមណីយដ្ឋានអង្គរ។

នេះជាសកម្មភាពយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួល ជាមួយគណៈកម្មាធិការ ICC-Angkor ដើម្បីធ្វើឲ្យបេតិកភណ្ឌអង្គរអាចគង់វង្សជានិរន្តរ៍៕