Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញកំពុងបន្តបើកប្រតិប​ត្តិការស្វែងរក និងដោះគ្រាប់បែកគីមីរបស់អាមេរិកនៅឃុំគគីរ ខណៈប្រជាពលរដ្ឋជិត១ពាន់នាក់ បន្តជម្លៀសចេញពីផ្ទះសំបែង

04-10-2017 10:58

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីនៃក្រសួងការពារជាតិ បាននិងកំពុងប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិកចំនួន២គ្រាប់ នៅក្នុងបរិវេណវត្ត និងសាលារៀនក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកវីរសេនីយ៍ទោ សំ សំអុល អធិការនគរបាលស្រុករមាសហែក ខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមី បានបន្តប្រតិបត្តិការរបស់ខ្លួន ដូចទៅនឹងថ្ងៃម្សិលមិញដែរ ដោយមានជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាពផងដែរ។

ពាក់ព័ន្ធប្រតិបត្តិការដោះគ្រាប់បែកគីមីនេះដែរ លោក ហេង រតនា អគ្គនាយកមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី០៣ ខែតុលាថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីថ្ងៃទី១ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧​ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមី បានបើកតំបន់សុវត្ថិភាព និងតំរង់រកចូលកៀកគោលដៅ គ្រាប់បែកគីមីនោះ។

លោកបន្តថា​ គោលដៅទីមួយបាន ជួបភស្តុតាងខ្លះ​ តែមិនទាន់ទៅដល់គោលដៅនៅឡើយទេ​ ដោយសារមានឧបសគ្គមួយចំនួន ហើយនៅថ្ងៃទី០៤​ ខែតុលានេះ​ កំលាំងជំនាញចាប់ផ្តើមជីកគោលដៅទី២​ ក្នុងការបោសសំអាតតំបន់សុវត្ថិភាព និងឈានទៅរុករកគោលដៅគ្រាប់បែក។

ជុំវិញប្រតិបត្តិការដោះគ្រាប់បែកនេះ ប្រជាជាពលរដ្ឋ និងព្រះសង្ឃជិត១ពាន់អង្គ/នាក់ ដែលបានជម្លៀសចេញពីផ្ទះសំបែង និងវត្តអារ៉ាមចាប់តាំង ពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង ៣៖៣០នាទី បានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។

សូមជម្រាបថា គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៕ ​​