(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសោកស្តាយ និងថ្កោលទោសជាខ្លាំងចំពោះការបាញ់ប្រហារនៅក្នុងទីក្រុង ឡាវេហ្គាស សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្ស៥៩នាក់បានស្លាប់បាត់បង់ជីវិត និងរហូតដល់ជាង៥០០នាក់ បានរងរបួស។ ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន ប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ក្រោយពីមានករណីបាញ់ប្រហារសម្លាប់ មនុស្សយ៉ាងព្រៃផ្សៃនេះ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់នៅតាមផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើបាញ់ប្រហារនោះជាទង្វើដ៏ឃោរឃៅ ហើយក៏ជាសោកសៅបំផុត។

ទន្ទឹមនិងការថ្កោលទោស និងសោកស្តាយហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារ និងរដ្ឋាភិបាលអាមេរិក របស់លោក ដូណាល់ ត្រាំផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រសិនបើគ្មានការគ្រប់គ្រងអាវុធឲ្យបានល្អប្រសើរទេនោះ ការបាញ់សម្លាប់រង្គាលនៅអាមេរិក អាចនឹងនៅតែបន្តកើតមាន។

ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ក៏បានថ្លែងផងដែរថា អំពើបាញ់ប្រហារនៅទីក្រុងឡាវេហ្គាស អាចជាសកម្មភាពមួយចំអកឲ្យឯករដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស ផងដែរ។ កាថ្លែងបែបនេះ ក៏ព្រោះតែកាលពីបុណ្យភ្ជុំបិណ្ឌនេះ ឯកអគ្គរដ្ឋទូតរូបនេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាព របស់ពួកគេ។

តែផ្ទុយទៅវិញការព្រួយបារម្ភរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះ បែរជាកើតមាននៅលើទឹកដីអាមេរិកទៅវិញ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអាមេរិក ត្រូវមានការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ មានការបាញ់ប្រហារទៅលើក្រុមមនុស្ស​ ដែលកំពុងមើលការប្រគុំតន្រ្តី។ ការបាញ់ប្រហារនេះ បណ្តាលឲ្យមនុស្ស៥៩នាក់បានស្លាប់បាត់បង់ជីវិត និងជាង៥២៥នាក់ផ្សេងទៀតបានរងរបួស៕