(បាកដាត)៖ រដ្ឋាភិបាលតំបន់ស្វយ័តឃើដអ៊ីរ៉ាក់ គ្រោងនឹងដំណើរការ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងបរិបទស្ថានភាពនៅក្នុងតំបន់កំពុងឡើងកម្ដៅ បន្ទាប់ពីការរៀបចំការបោះឆ្នោតប្រកាសប្រជាមតិឯករាជ្យកាលពីខែចុងកញ្ញាកន្លងទៅ ដែលត្រូវបានបណ្ដា ប្រទេសជិតខាងមួយចំនួនជំទាស់ជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើការស្រង់សម្ដីពីស្ថានីយ៍ទូរទស្សន៍ឃើដ Rudaw បានគូសបញ្ជាក់ថា លោក Mohammad Toufic Rahim ដែលជាគូរប្រជែងដ៏សំខាន់របស់ប្រធានាធិបតីឃើដ បច្ចុប្បន្ន លោក Massoud Barzani គឺជាបេក្ខជនតែម្នាក់គត់ដែលគេជឿជាក់ថា នឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ឃើដ។ ប៉ុន្តែទន្ទឹមគ្នានៅថ្ងៃអង្គារនេះដែរ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ទីក្រុងអង់ការ៉ា អាចនឹងដាក់ទណ្ឌកម្មលើតំបន់ស្វយ័តឃើដ ដោយសារតែការបោះឆ្នោតប្រជាមតិ ដែលលោកគិតថា នឹងបង្កឱ្យមានអស្ថេរភាព និងសង្រ្គាមនៅក្នុងតំបន់។

គួររំលឹកថា នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី២៥ ខែកញ្ញា ប្រជាជនឃើដ៩០ភាគរយ បានបោះឆ្នោតគាំទ្រឱ្យតំបន់មួយនេះប្រកាសឯករាជ្យពីអ៊ីរ៉ាក់ និងបង្កើតជារដ្ឋមួយ បើទោះជា មានការព្រមាននឹងជំទាស់ពីអ៊ីរ៉ង់ អ៊ីរ៉ាក់ តួកគី ស៊ីរី និងសហរដ្ឋអាមេរិកក៏ដោយ៕