(ភ្នំពេញ)៖ ការចរចាលើប្រាក់ឈ្នួលកម្មករ និយោជិត សម្រាប់ឆ្នាំ២០១៨ លើកចុងក្រោយ ដែលធ្វើឡើងនៅរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះបានបិទបញ្ចប់ហើយ ភាគីសហជីពតំណាងកម្មករ និយោជិត បានព្រមទម្លាក់តួលេខមក  នៅត្រឹម ១៧០ដុល្លារ ភាគីនយោជកដំឡើងដល់ ១៦២ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលសម្របសម្រួលយក ១៦៥ដុល្លារ។

លោក ហេង សួរ ដែលជាអ្នកសម្របសម្រួលកិច្ចប្រជុំបច្ចេកទេសត្រីភាគី បានឱ្យដឹងថា ក្រោយយការប្រជុំជាច្រើនលើករបស់ ក្រុមការងារបច្ចេកទេស ភាគីនីមួយៗ បានដាក់សំណើចុងក្រោយរបស់ខ្លួនដោយភាគីសហជីពស្នើសុំ ១៧០ដុល្លារ ភាគីនិយោជក ស្នើសុំត្រឹម ១៦២ដុល្លារ និងភាគីរាជរដ្ឋាភិបាលសម្របសម្រួលដល់ ១៦៥ដុល្លារ ជាប្រាក់ឈ្នួលអប្បបរមាផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៨។

លោក ហេង សួរ បានបញ្ជាក់ថា លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានគណៈកម្មការ ប្រឹក្សាការងារនឹងកោះប្រជុំគណៈកម្មការប្រឹក្សារការងារនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិនិត្យសម្រេចលើសំណើ របស់ភាគីនីមួយៗនេះ។

សូមបញ្ជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៨នេះ បានធ្វើឡើង ៣លើករួចមកហើយ ដោយក្នុងនោះភាគីសហជីពតំណាងឲ្យកម្មករ និយោជិត មាន ១៦រូប ភាគីនិយោជក មាន ១៦រូប ហើយភាគីខាងរាជរដ្ឋាភិបាល ដែលជាអ្នកសម្របសម្រួល ក៏មាន ១៦រូបផងដែរ។ ក្នុងកិច្ចចរចាលើកដំបូងភាគីសហជីព បានលើកយកតួលេខប្រាក់ឈ្នួលចំនួន ១៧៦,២៦ដុល្លារ និងភាគីនិយោជកលើកយកតួលេខប្រាក់ឈ្នួលចំនួន ១៦១ដុល្លារ ទៅចរចាជាមួយគ្នា។

ឆ្លងតាមរយៈការចរចានេះតួលេខប្រាក់ឈ្នួលត្រូវបានរំកិលទៅរកគ្នាបន្តិចម្តងៗ រហូតដល់រសៀលថ្ងៃទី០៣ ខែតុលា ដែលជាការជួប ចរចាលើកចុងក្រោយនេះ ភាគីសហជីពបានព្រមទម្លាក់តួលេខរបស់ខ្លួនមកនៅត្រឹម ១៧០ដុល្លារ ហើយភាគីនិយោជកព្រមទាំង ដំឡើងតួលេខរបស់ខ្លួនដល់ ១៦២ដុល្លារ។ ដោយឡែករាជរដ្ឋាភិបាលវិញ បានសម្រសម្រួលយកតួលេខ ១៦៥ដុល្លារ។

ក្រៅពីព្រមព្រៀងកំណត់យកតួលេខនេះហើយ ភាគីពាក់ព័ន្ធក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលបានដាក់ចេញនូវនយោបាយអនុគ្រោះថ្មីៗនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កម្មករ និយោជិតក្នុងវិស័យវេយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ភាគីសហជីព និងនិយោជក ក៏បានធ្វើសំណើរៀងៗខ្លួនទៅកាន់ប្រទេសអ្នកបញ្ជាទិញ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រាប់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ នឹងមិនទាបជាង ១៦០ដុល្លារនោះឡើយ៕