(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិម្នាក់ទៀតហើយ គឺលោកស្រី មូរ សុខហួរ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានចាកចេញពីប្រទេសកម្ពុជា។ ការចាកចេញរបស់លោកស្រី មូរ សុខហួរ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ពាក់ព័ន្ធអំពើក្បត់ជាតិមិនបញ្ចប់ត្រឹមចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។
បណ្តាញព័ត៌មាន Fresh News មិនអាចស្វែងរកការបញ្ជាក់ពីមូលហេតុនៃការចាកចេញរបស់លោកស្រី មូរ សុខហួរ បាននៅឡើយនោះទេ។ តែអនុប្រធានគណបក្សសង្រ្គោះជាតិរូប បានថ្លែងប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដោយបង្ហាញពីការបារម្ភខ្លាចការចាប់ខ្លួនពីសមត្ថកិច្ចកម្ពុជា។
លោកស្រី មូរ សុខហួរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងដូច្នេះ «ខ្ញុំបានទទួលព័ត៌មានពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការចាប់ខ្លួននេះនឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ក្រោយនេះ។ ខ្ញុំមិនអាចនិយាយប្រាប់ថាមន្ត្រីឬក្រសួងណាជាអ្នកប្រាប់ខ្ញុំទេ»។ «គាត់ (លោកនាយករដ្ឋមន្ត្រីហ៊ុនសែន) បានធ្វើការបង្ហាញយ៉ាងច្បាស់នូវប្រសាសន៍ដែលខ្ញុំ និងសហសេវិកពីរនាក់ទៀត និយាយនៅខេត្តទាំងបីនេះ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសណ្ឋាគារសុខានៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ បានប្រកាសថា សំណុំរឿងក្បត់ជាតិមិនបញ្ចប់ ត្រឹមការចាប់ខ្លួនលោក កឹម សុខា នោះឡើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សំណុំរឿងគឺមានការរៀបចំឡើងជាប្រព័ន្ធ ដែលមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តវិធានការកម្ចាត់ក្រុមជនក្បត់ជាតិដោយមិនរាថយនោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ថែមទាំងបញ្ជាក់ទៀតថា សម្តេចមិនអនុញ្ញាតឲ្យមានក្រុមឧទ្ទាមនៅក្នុងទីក្រុងនោះឡើយ។
សូមបញ្ជាក់ថា ចាប់តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិមកមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិជាច្រើន រូបបានចាកចេញពីប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក យឹម សុវណ្ណ និងកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា...សុទ្ធតែកំពុងនៅក្រៅប្រទេស៕
លោកស្រី មូរ សុខហួ ថតរូបនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកមិញនេះ។ រូបថត ហ្វេសប៊ុក