(បាត់ដំបង)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ នគរបាលបង្ការ និងបង្ក្រាប ខេត្តបាត់ដំបង សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហាញមុខសញ្ញាក្រុមចោរ ជំនាញដាក់ថ្នាំសណ្តំយកម៉ូតូជាច្រើនខេត្ត និងអ្នកទទួលផលចោរកម្ម ចំនួន៧នាក់ មុនបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក។

លោក ឈឿង គឹមសុង មេក្រុមបង្កាបង្ក្រាប បានថ្លែងប្រាប់ភ្នាក់ងារសាព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាបន្ដបន្ទាប់ពាក់ព័ន្ធទៅនឹងករណីដាក់ ថ្នាំសណ្តំយកម៉ូតូភ្លាមៗ នោះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវតាមរកជនសង្ស័យជាមុខសញ្ញាខាងលើ។

ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២២៖០០នាទី កម្លាំងជំនាញរបស់លោក បានចុះទៅដល់ចំណុចហាងយីហោ ទីក្រុងអាន់ឆ័រ២ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ក៏ប្រទះឃើញជនសង្ស័យដែលជា មុខសញ្ញាចំនួន២នាក់ ក៏ឃាត់ខ្លួនភ្លាមៗតែម្តង។

លោក ឈឿង គឹមសុង បានបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនដំបូងបាន២នាក់ មានទី១៖ ឈ្មោះ ស៊ឹម ចាន់ថន (ហៅឥណ្ឌា) អាយុ៣៥ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិសត្វពង ឃុំឈូក ស្រុកឈូក ខេត្តកំពត, ទី២ឈ្មោះ ងួន វណ្ណដា (ហៅដា) អាយុ២៩ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ បន្ទាប់ពីបានឃាត់ខ្លួនធ្វើការសាកសួរជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដើរធ្វើសកម្មភាព ដាក់ថ្នាំសណ្តំយកម៉ូតូ ពិតប្រាកដមែនហើយម៉ូតូ ដែលយកបានខ្លួនឲ្យបក្សពួកឈ្មោះ គឹម សេងដុស (ហៅពោយ) ភេទប្រុស អាយុ២៧ឆ្នាំ ជិះយកទៅលក់ ឲ្យអ្នកទទួលទិញនៅឯខេត្តកំពត។

ក្រោយមកកម្លាំងបង្ការ បង្ក្រាបបានសហការជាមួយការិយាល័យជំនាញ នគរបាលហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ វេលាម៉ោង៦៖៣០នាទី កម្លាំងជំនាញបានចុះទៅដល់ទីតាំងទទួលផលចោរកម្មស្ថិតក្នុងភូមិ ចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតរួមមានទី១៖ ឈ្មោះ ឃិន ណី, ទី២ឈ្មោះ ម៉ម ហ៊ឹន, និងទី៣ឈ្មោះ ហ៊ឺ គឹមហៃ។

ឈឿង គឹមសុង បានបញ្ជាក់ថា នៅថ្ងៃដដែលកម្លាំងជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ថែមទៀតរួមមាន៖ ទី១ឈ្មោះ គឹម សេងដុស ហៅពោយ អាយុ២៧ឆ្នាំ, ទី២ឈ្មោះ និន មាំង ទាំង២នាក់ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ វត្ថុតាងដកហូតបានរួមមាន៖ រថយន្តម៉ាកកាម៉ារីពណ៌ខ្មៅចំនួន១គ្រឿង, ម៉ូតូចំនួន៤គ្រឿង ស្លាកលេខម៉ូតូចំនួន៦ រួមទាំងសម្ភារ និងថ្នាំសណ្តំមួយចំនួនធំផងដែ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ បានជិះរថយន្តដើរធ្វើសកម្មភាពហៅម៉ូតូជិះ ទៅនេះជិះទៅនោះ និងបបួលស៊ីផឹកបន្លំដាក់ថ្នាំសណ្តំយកម៉ូតូបានជាច្រើនខេត្ត គឺខេត្តបាត់ដំបង-សៀមរាប-ប៉ៃលិន-ត្បូងឃ្មុំ-កំពង់ចាម-កំពត និងខេត្តផ្សេងៗ បានជិត២០លើក ក្នុងនោះខេត្តបាត់ដំបងចំនួន៣លើក។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរចម្លើយបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕