(ស្វាយរៀង)៖ ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីរបស់អាមេរិកចំនួន២គ្រាប់ នៅក្នុងបរិវេណវត្ត និងសាលារៀនក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១ បានបញ្ជាប់ហើយ ខណៈប្រតិបត្តិនឹងនៅតែបន្តទៀតនៅថ្ងៃស្អែក។ នេះតាមលោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣ ខែតុលានេះ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងព្រះសង្ឃជិត១ពាន់អង្គ/នាក់ ដែលបានជម្លៀសចេញពីផ្ទះសំបែង និងវត្តអារ៉ាមចាប់តាំងពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង ៣៖៣០នាទី បានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញអស់ហើយ។ ប៉ុន្តែថ្ងៃស្អែកពួកគាត់នឹងត្រូវជម្លៀសចេញបន្តទៀត ដើម្បីឲ្យមន្ត្រីជំនាញបន្តប្រតិបត្តិការ។

សូមជម្រាបថា គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៕