(សៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ហាមមិនឲ្យរថយន្តដឹកទំនិញធន់ធ្ងន់ គិតចាប់ពីគោយន្ត ឡើងទៅមិនឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួន ដែលកំពុងរងការលិចលង់ ជាពិសេសផ្លូវជាតិសំខាន់ៗនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។

តាមសេចក្តីជូនដំណឹងដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់ការស្រុតបែកខូចខាត រចនាសម្ព័ន្ធផ្លូវ-ថ្នល់ក្នុងភូមិសាស្ត្រខេត្ត មន្ទីរសាធារណការ សូមធ្វើការណែនាំដូចតទៅ៖

១៖ ហាមយានយន្តធំៗដឹកទំនិញធ្ងន់ៗ (គិតចាប់ពីគោយន្តឡើងទៅ) ធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនដែល កំពុងលិចលង់មាន ផ្លូវជាតិមានលេខមួយខ្ទង់ ពីរខ្ទង់ បីខ្ទង់ និងផ្លូវក្នុងក្រុង។
* ផ្លូវជាតិលេខ ៦, ៦៣, ៦៤, ៦៧ , ៦៨
* ផ្លូវជាតិលេខ ២៦៦C (៦៧ចាស់) សៀមរាប-បន្ទាយស្រី
* ផ្លូវទៅកាន់តំបន់អង្គរ, ផ្លូវឡើងខ្នងបារាយណ៍, ផ្លូវចូលវាលយន្តហោះ។ល។
* ផ្លូវខេត្តសំខាន់ៗដូចជា៖ ពីកំពង់ក្តី ទៅខ្វាវ និងពីកំពង់ក្ដី ទៅជីក្រែង អន្លង់សំណរ, ពីដំដែក ទៅ កំពង់ឃ្លាំង និងពីដំដែក ទៅចាន់ស ស្វាយលើ ។ និយាយរួមពីទីរួមក្រុង-ស្រុក ទៅកាន់ឃុំនានាទាំងអស់ក្នុងខេត្ត។

២៖ ស្នើអាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយសហការទប់ស្កាត់រាល់បទល្មើសចរាចរណ៍ដឹកជញ្ជូនឲ្យបានជាប្រចាំ។

៣៖ ការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុក-ក្រុងក្នុងខេត្ត ត្រូវយកចិត្តទុកដាក់សហការ បង្ការ ទប់ស្កាត់ និងប្រមូលរាល់ព័ត៌មានពាក់ព័ន្ធ ពិសេសស្ថានភាពទឹកជំនន់ ដោយបញ្ជាក់ច្បាស់ទីតាំង ស្ថានភាព និងរាយការណ៍ សំណូមពរ វិធានការ-អនុសាសន៍តាមគ្រប់មធ្យោបាយជាបន្ទាន់ កុំបីខាន។

តាមសេចក្តីជូនព័ត៌មាននេះ មន្ទីរសាធារណការ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះស្មារតី និងឆន្ទៈមនសិការរបស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ថាពិតជាចូលរួមសហការអនុវត្តឲ្យទទួលបានប្រសិទ្ធិភាពខ្ពស់។

សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបដូចខាងក្រោម៖