(កំពង់ធំ)៖ ក្រោមការចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមូលដ្ឋាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានខិតខំកៀរគរសប្បុរសជនជិតឆ្ងាយ ឲ្យជួយឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋអ្នកស្រុកបារាយណ៍ រហូតទទួលបានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មីស្រឡាងមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ និងកសិកម្មកម្រិតបឋម ដែលមានឈ្មោះថា «សាលាបណ្ដុះបណ្ដាវិជ្ជាជីវៈ ស្រុកបារាយណ៍»។

អគារសិក្សាខាងលើនេះ ត្រូវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាជាផ្លូវការ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងលោក Edouard GEOREG ប្រធានក្រុមហ៊ុន PHOENIX Voyages ដែលជាម្ចាស់ជំនួយឧបត្ថម្ភថវិកាកសាងអគារសិក្សាមួយនេះ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា សាលាបណ្ដុះបណ្ដាវិជ្ជាជីវៈដែលមានកម្ពស់២ជាននេះ សាងសង់ឡើងដោយប្រើប្រាស់ថវិកាជិត៦ម៉ឺនដុល្លារអាមេរិក អាចទទួលសិស្សឲ្យចូលរៀនបាន៤៥នាក់ ក្នុង១ជាន់សម្រាប់បណ្ដុះបណ្ដាលលើជំនាញសេវាកម្មទេសចរណ៍ ព័ត៌មានវិទ្យា និងជំនាញកសិកម្មកម្រិតបឋម ក៏ដូចជាបណ្ដុះបណ្ដាលដល់បុគ្គលិកដែលបម្រើសេវាតាមពិធីមង្គលការ ពិធីបុណ្យផ្សេងៗនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋានឲ្យក្លាយជាបុគ្គលិកដែលមានជំនាញល្អ ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។

គួររំឭកថា ការបង្កើតសាលាបណ្ដុះបណ្ដាលនេះ បានបង្កើតតាំងពីឆ្នាំ២០០៩ មកម៉្លេះ ដោយរហូតដល់សព្វថ្ងៃបានបណ្ដុះបណ្ដាលសិស្សប្រមាណ ៩០០នាក់ មកហើយ ហើយគោលបំណងនៃការបង្កើតសាលាបណ្ដុះបណ្ដាលនេះ ដើម្បីបង្រៀនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ពិសេសយុវជនឲ្យមានវិជ្ជាជីវៈ ដើម្បីងាយស្រួលរកការងារធ្វើ និងដើម្បីពង្រឹងគុណភាពសេវាកម្ម។

ចំពោះគ្រូបណ្ដុះបណ្ដាលដល់សិស្សក្នុងសាលានេះ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ចំពោះជំនាញទេសចរណ៍ ព័ត៌មានវិទ្យា និងជំនាញកសិកម្មកម្រិតបឋម ដោយទទួលបានការសហការពីក្រសួង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងសហការជាមួយសាកលវិទ្យាល័យមួយចំនួន។

ជាមួយគ្នានោះ លោក Edouard GEORGES បានបញ្ជាក់ថា បានជាលោកជួយឧបត្ថម្ភការកសាងសាលាមួយនេះ ជូនដល់កូនចៅរបស់ប្រជាពលរដ្ឋនៅស្រុកបារាយណ៍នោះ ដោយសារលោកស្រលាញ់ស្រុកបារាយណ៍ និងប្រជាពលរដ្ឋនៅទីនោះ ដូចជាស្រុកកំណើតរបស់លោកយ៉ាងអញ្ចឹង។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា លោក Edouard GEORGES ធ្លាប់បានជួយឧបត្ថម្ភនូវសមិទ្ធផលជាច្រើនមកហើយ នៅមូលដ្ឋានស្រុកបារាយណ៍នេះ ដោយសរុបជាថវិការហូតដល់ ១៨ម៉ឺនអឺរ៉ូ ឯណោះ ពិសេសប្រព័ន្ធផលិតទឹកស្អាតមួយ ដែលបានចំណាយថវិការប្រមាណ១៣មុីនអឺរ៉ូ ហើយបានដាក់ឲ្យប្រើប្រាស់រួចហើយ។

សូមជម្រាបថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្រុកបារាយណ៍ខាងលើនេះ មានទីតាំងស្ថិតនៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕