(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ នៃក្រសួងការពារជាតិ បានជូនដំណឹងថា ការជ្រើសរើសកងទ័ពឲ្យចូលបម្រើការងារនៅយោធភូមិភាគទី១ មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ។ សេចក្តីជូនដំណឹងនេះ ធ្វើឡើង ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងប្រវ័ញ្ចយកលុយពីបេក្ខជន ដែលបានដាក់ពាក្យចូលបម្រើការងារជាកងទ័ព។

ក្នុងសេចក្តីជូនដំណឹងដែលធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទនេះ គឺមិនតម្រូវឲ្យបេក្ខជនបង់ប្រាក់ឡើយ ដោយគិតពីការចាប់ផ្តើមដាក់ពាក្យ រហូតបានសម្រេ​ចចូលក្របខណ្ឌ រួមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗ»។

ក្នុងសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា «រាល់បុគ្គលដែលប្រព្រឹត្តខុសទៅនឹងគោលការណ៍ខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

គណៈកម្មការជ្រើសរើសពលទាហាន ក៏បានអំពាវនាវផងដែរ ដល់សាធារណជនឲ្យចូលរួមរាយការណ៍ប្រសិនបើមានបុគ្គលណាមួយធ្វើសកម្មភាពទារលុយពីលើការដាក់ពាក្យចូលរួមបម្រើការងារជាកងទ័ព ឬទារលុយជាថ្នូរ ដើម្បីបានជាប់ដើមនោះ។ សាធារណជនអាចរាយការណ៍ពីបញ្ហាទាំងនេះបានតាមរយៈទូរស័ព្ទ៖ 085 333 944/ 085 222 744/ 097 2666 241/ 097 2666 240/ 086 847300 និង​ 086 685570។

សូមបញ្ជាក់ថា កាលពីខែកញ្ញា កន្លងទៅនេះក្រសួងការពារជាតិ បានប្រកាសជ្រើសរើសពលទាហានចូល​បំពេញការងារនៅខេត្តជាប់ព្រំដែនឡាវ និងវៀតណាម រួមមានខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ចំណុះឲ្យយោធភូមិភាគទី១។ ការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ពនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។

សាធារណជន ជាពិសេសយុវជន ដែលមានបំណងចូលរួមបម្រើការងារជាយោធិននៃកងយោធពលខេមរភូមិន្ទ អាចដាក់ពាក្យសុំចូលបម្រើការងារនៅតាមទីបញ្ជាការកងរាជអាវុធហត្ថស្រុក-ក្រុង ដោយឡែកនៅរាជធានីភ្នំពេញ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧៕