(ភ្នំពេញ)៖ ក្រោយពិនិត្យសិក្សាឃើញថា ស្ថានភាពលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌចំនួន៣ រួមមាន៖ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ហើយត្រូវតែដោះស្រាយជាបន្ទាន់ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែងទៀត នៅទីតាំងលូប្រាំ តាមផ្លូវវេងស្រេង រួមនឹងការស្តារប្រឡាយមេជាច្រើនខ្សែទៀតក្នុងតំបន់នេះ ដូចជា ប្រឡាយលូ​ប្រាំ ប្រឡាយបារាំង និងប្រឡាយដើមស្លែងជាដើម។

ការបង្ហាញពីគម្រោងខាងលើនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា អាជ្ញាធររាជធានី និងមន្រ្តីជំនាញ ក្រោយពីចុះធ្វើការត្រួតពិនិត្យពីស្ថានភាពប្រឡាយលូ​ប្រាំ ប្រឡាយបារាំង និងប្រឡាយដើមស្លែង បន្ទាប់ពីលិចលង់ដោយជំនន់ទឹកភ្លៀង លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់គ្រឿងចក្រ ដើម្បីស្តារប្រឡាយមេទាំងនេះ។ ឈរលើបញ្ហានេះ និងដើម្បីជំរុញការងាររំដោះទឹកឲ្យកាន់តែមានប្រសិទ្ធភាព លោកអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរកច្រកចេញ និងបានសម្រេចថា នឹងស្ថាបនាស្ថានីយ៍បូមទឹកមួយកន្លែងទៀត នៅតំបន់លូប្រាំ។

លោកបានបញ្ជាក់ថា «ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាជាកញ្ចប់លើការដោះស្រាយបញ្ហាលិចលង់នេះ ដែលរំពឹងថា ​ក្រោយការជីក​ ស្តារប្រឡាយ ទាំង៣ខាងលើ និងក្រោយពីសាងសង់ស្ថានីយ៍បូមទឹកនេះរួចរំពឹងថា នៅឆ្នាំក្រោយបើស្ថានភាពភ្លៀងដូចឆ្នាំនេះ ទៀតវានឹងអាចរំដោះជំនន់ទឹកភ្លៀងបានល្អប្រសើរ។ ជាគម្រោងត្រូវស្តារបើកមុខប្រឡាយ ដាក់បណ្តាញលូប្រអប់ថ្មី ដែលមានទំហំចាប់ពី២,៥០ម៉ែត្រ ដល់៦ម៉ែត្រ»។

គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ បានកសាងស្ថានីយ៍បូមទឹកជាច្រើនកន្លែងហើយ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ដូចជា៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោក១ ទួលគោក២ ស្ថានីយ៍បូមទឹកទួលសំពៅ និងស្ថានីយ៍បូមទឹកកប់ស្រូវជាដើម៕