(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ទូទាំងស្រុក ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ឲ្យមានតម្លាត្រូវដោះស្រាយដោយមានភាពយុត្តិធម៌ ត្រឹមត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈ គ្នានៅតាមភូមិ ឃុំ អាជ្ញាធរត្រូវពិនិត្យមើលនូវចំណុចកង្វះខាត ដើម្បីរកដំណោះស្រាយរាល់បញ្ហាដែលមានកើត ឡើងកន្លងមកនៅតាមបណ្ដាមូលដ្ឋាន។

លោក គង់ វិមាន ថ្លែងបែបនេះ ក្នុង​ឱកាសលោកអញ្ជើញចុះពង្រឹងអាជ្ញាធរមូលដ្ឋានឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ និងដើម្បីស្តាប់នូវការ លើកឡើងពីបញ្ហាប្រឈមនានា ដើម្បីយកទៅដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំប្រមាណ១៤០នាក់ នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧នេះ។

លោក គង់ វិមាន បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវជំរុញធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីជូនដល់ប្រជាពលរដ្ឋដែលមិនទាន់ មានអត្តសញ្ញាណប័ណ្ណគម្រូថ្មី គឺសំខាន់ត្រូវចុះឲ្យដល់លំនៅដ្ឋានរបស់ពួកគាត់។ ម្យ៉ាងទៀតរាល់អត្តសញ្ញាណប័ណ្ណដែលបានធ្វើហើយ ត្រូវយកទៅប្រគល់ជូនពួកគាត់ឲ្យបានគ្រប់ៗ គ្នាដើម្បីអនុវត្តនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុកក្នុងប្រទេស​ និងចំណាកក្រៅប្រទេស របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយជំរុញ ឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នាត្រូវរកបញ្ហាប្រឈមដែលជាហេតុធ្វើឲ្យរាំងស្ទះ នៃការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋជួយពន្យល់ ណែនាំប្រជាពលរដ្ឋឲ្យបានច្បាស់លាស់អំពីការចុះឈ្មោះបោះឆ្នោត។

ជាចុងបញ្ចប់លោកអភិបាលរងខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអំពើល្អ ជាគម្រូល្អដល់ប្រជាពលរដ្ឋដើម្បី ឲ្យប្រជាពលរដ្ឋជឿ ទុកចិត្តមកលើ អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដោយមិនប្រកាន់ និន្នាការនិយោបាយ ជាតិ សាសន៍ ពណ៌សម្បូរ នោះឡើយ៕