(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) តាមរយៈរបាយការណ៍ «បច្ចុប្បន្នភាពចុងក្រោយ៖ ខែតុលា ឆ្នាំ២០១៧» ដែលបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ក្នុងអត្រាកំណើន៦.៨% ក្នុងឆ្នាំ២០១៧ និង ៦.៩% ក្នុងឆ្នាំ២០១៨។

ការព្យាការណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពីធនាគារពិភពលោកនេះ មានអត្រាកំណើនដូចគ្នាទៅនឹងការព្យាករណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទាបជាងការព្យាករណ៍ របស់ធនគារអភិវឌ្ឍន៍អាស៉ី (ADB) ដោយ ADB អះអាងថា សេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងអត្រាកំណើន៧% ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

របាយការណ៍ការណ៍របស់ ធនាគារពិភពលោកបានលើកឡើងថា «កំណើនសេដ្ឋកិច្ចរំពឹងថា កំណើននេះនឹងនៅតែមានភាពរឹងមាំ ក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ​៦.៨ភាគរយនៅក្នុងឆ្នាំ២០១៧ ​និង៦.៩ ភាគរយក្នុងឆ្នាំ២០១៨ ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍ រួមជាមួយនឹងការពង្រីកសារពើពន្ធ នឹងជួយបំពេញនៃការថយចុះលើផ្នែកនាំចេញសម្លៀកបំពាក់ និងកំណើនលើផ្នែកសំណង់»។

ធនាគារពិភពលោក បានបញ្ជាក់ទៀតថា បន្ទាប់ពីកំណើនសេដ្ឋកិច្ច មានភាពរឹងមាំអស់រយៈពេលជាងពីរទស្សវត្សរ៍កន្លងមក កម្ពុជាបានទទួលចំណាត់ថ្នាក់ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គិតត្រឹមឆ្នាំ២០១៥ ដែលមានចំណូលជាតិសរុប ក្នុងមនុស្សម្នាក់កើនឡើងដល់១០៧០ដុល្លារអាមេរិក។ ដឹកនាំដោយផ្នែកនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ កម្ពុជារក្សាបាននូវអត្រាកំណើន សេដ្ឋកិច្ចជាមធ្យម៧.៦ភាគរយនៅចន្លោះពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ២០១៥ ដែលបានឈរក្នុងលំដាប់ថ្នាក់ទី៦ នៅលើពិភពលោក។

របាយការណ៍ដដែលបានលើកឡើងទៀតថា ភាពក្រីក្របន្តធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជា ទោះបីជាការធ្លាក់ចុះនេះ មានសភាពយឺតជាងក្នុងឆ្នាំកន្លងទៅក្តី។ នៅក្នុងឆ្នាំ២០១៤ អត្រានៃភាពក្រីក្រមាន ១៣.៥ភាគរយ បើធៀបនឹងឆ្នាំ ២០០៧ មាន៤៧.៨ភាគរយ។ ប្រហែល៩០ភាគរយនៃប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងតំបន់ជនបទ។ ខណៈដែលកម្ពុជាបានសម្រេចគោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ ដោយបានកាត់បន្ថយអត្រាភាពក្រីក្រ បាន៥០ភាគរយនៅក្នុងឆ្នាំ២០០៩ គ្រួសារភាគច្រើនលើសលប់ ដែលបានចាកផុតពីភាពក្រីក្រ មានជីវភាពរីកចម្រើនតិចតួចប៉ុណ្ណោះ ប្រជាពលរដ្ឋប្រហែល៤.៥លាននាក់ទៀត កំពុងរស់នៅក្បែរបន្ទាត់ភាពក្រីក្រ ងាយរងគ្រោះនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រនៅពេលដែលមានវិបត្ដិសេដ្ឋកិច្ច និងវិបត្ដិខាងក្រៅផ្សេងទៀតកើតឡើង។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានកើតឡើង នៅលើទឹកដីកម្ពុជា ពិសេសកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់៧ភាគរយ រយៈពេល២០ឆ្នាំជាប់ៗគ្នា។ សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា ប្រសិនបើអភិបាលកិច្ចរបស់កម្ពុជា មានភាពស្មោកគ្រោកដូចអ្វី ដែលមនុស្សមួយចំនួននិទាននោះ ប្រហែលជាសេដ្ឋកិច្ចរបស់កម្ពុជា មិនមានកំណើតខ្ពស់ដូច្នេះឡើយ។

មនុស្សមួយចំនួន ដែលសម្តេចតេជោលើកឡើងនេះ បើទោះមិនបានបញ្ចេញឈ្មោះចំក៏ដោយ ប៉ុន្តែគេដាក់ការសង្ស័យថា សំដៅចំពោះអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ដែលបានរត់គេចខ្លួនពីកម្ពុជា និងកំពុងរត់នៅក្រៅប្រទេស ព្រមទាំងសកម្មជនគាំទ្របក្សប្រឆាំង ដែលកន្លងទៅតែងតែអំពាវនាវសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ធនាគារអភិវឌ្ឍន៍អាស៉ី បានចេញនូវរបាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០១៧ និង២០១៨ មានទៅដល់៧.១ភាគរយ បើដូច្នេះវាលើសពីការគ្រោងទុករបស់យើង។ ការគ្រោងទុករបស់យើងពិតប្រាកដ យើងគិតត្រឹមតែជុំវិញ៧ភាគរយ នេះគឺជាអត្រាមួយខ្ពស់ ហើយប្រសិនបើអភិបាលកិច្ចស្មោកគ្រោក ដូចដែលមនុស្សមួយចំនួននិទាន ប្រហែលជាសេដ្ឋកិច្ចកម្ពុជា មិនមានកំណើនថេរ៧ភាគរយ រយៈពេល២០ឆ្នាំជាប់គ្នានោះទេ»

លើសពីនេះទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមហិច្ឆតាធ្វើឲ្យប្រជាពលរដ្ឋ មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយសម្តេចជឿជាក់ថាកម្ពុជាអាចនឹងធ្វើបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើទោះបីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន​ មិនអាចរស់ដល់ឆ្នាំ២០៣០យ៉ាងណាក្តី តែចក្ខុវិស័យនិងគោលនយោបាយជាច្រើន បានដាក់ចេញរួចទៅហើយសម្រាប់អភិវឌ្ឍន៍កម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ៕