(សៀមរាប)៖ ខេត្តសៀមរាបបានទទួលរងនូវសំពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងរាយប៉ាយគ្របដណ្តប់ កាលពីយប់ថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងសៀមរាប និងតាមបណ្តាផ្លូវសំខាន់ៗ ក្នុងស្រុកមួយចំនួន មានការជនលិចដោយទឹកភ្លៀង។
ដោយស្ថានភាពទឹកភ្លៀងបានជនលិចផ្លូវមួយចំនួនធំ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត បានចាត់ឲ្យលោក ពិន ប្រាកដ អភិបាលរងខេត្ត ដឹកនាំប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកអភិបាល ក្រុងសៀមរាប និងមន្ត្រីមូលដ្ឋានធ្វើការពិនិត្យ នឹងបាសំរាមដែលរសាត់មកបិតផ្លូវទឹកហូរ ចូលលូរំដោះទឹកនៅចំណុច៦០ម៉ែត្រ កែងផ្លូវជាតិលេខ៦ ទៅផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ហើយនៅសង្កាត់សាលាកំរើក មន្ត្រីមូលដ្ឋានបានធ្វើការសហការគ្នា កាយដីបើកផ្លូវទឹកហូរ ចូលលូរំដោះទឹកផងដែរ។
ជាមួយគ្នានេះ ស្រុកប្រាសាទបាគង ក៏បានធ្វើការកាយដីនៅការដ្ឋានឯកជនមួយ ដើម្បីបើកផ្លូវទឹកហូររំដោះទឹក នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីធ្វើការរំដោះទឹកដែលលិចលង់នៅផ្នែកខាងលើ។
អាជ្ញាធរខេត្តសៀមរាប សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រាល់ការចាក់ដីសូមកុំបិទផ្លូវទឹកហូរ និងសូមដាក់លូបង្ហូរទឹកឲ្យស្របទៅតាមបច្ចេកទេស ឬតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ៕