(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងថា បច្ចុប្បន្ននេះពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ទាំងស្រុងហើយ ទៅលើបញ្ហាបរិស្ថាន ការមើលឃើញ​របស់ពួកគាត់ទៅលើបរិស្ថាន គឺខុសពីមុនឆ្ងាយណាស់ដោយពលរដ្ឋម្នាក់ៗ យល់យ៉ាងច្បាស់ពីគ្រោះថ្នាក់ នៃការបម្រែបម្រួលបរិស្ថាន។ នេះជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ស្តែងបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រសួងបរិស្ថានជាច្រើនឆ្នាំ ពិតជាទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

លោក សាយ សំអាល់ ថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាទាំងអស់ ជាមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន៧៦រូប។

អង្គប្រជុំបានត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេច បានក្នុងការគាំទ្រកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា ក្នុងនោះរួមមាន៖ ការពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន ដូចជា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត នៅក្រសួងបរិស្ថាន។

លោក សាយ សំអាល់ បានបន្តថា ចំពោះបញ្ហាចីរភាពបរិស្ថាននៅកម្ពុជា ប្រឈមនឹងបញ្ហាបន្តិចបន្តួចតែប៉ុណ្ណោះនៅក្នុងអាណត្តិនេះ មន្ត្រីជំនាញកំពុងធ្វើកំណែទម្រង់ជាច្រើន និងកែសម្រួលតួនាទីភារកិច្ចរបស់ក្រសួងសូម្បី តែការគ្រប់គ្រងដីសម្បទានដែលក្រសួងបរិស្ថាន ធ្លាប់គ្រប់គ្រង ក៏ប្រគល់ទៅឲ្យខាងក្រសួងកសិកម្ម ការគ្រប់គ្រងសហគមន៍។ ហើយឥឡូវនេះមានការយោគយល់ គ្នាច្រើនជាងមុន និងការចូលរួមជាមួយក្រសួងមានចំនួនច្រើនជាងមុន ជាពិសេសតាមរយៈវេទិការថ្នាក់ជាតិ ជាមួយក្រុមអ្នកអភិរក្សតាមសហគមន៍ទាំងអស់​ និងក្រសួងពាក់ព័ន្ធ។

លោក សាយ សំអាល់ បានបន្តយ៉ាងដូច្នេះថា «ប្រសិនបើប្រជាពលរដ្ឋមានឆន្ទះក្នុងការដោះស្រាយផ្ទាល់នូវបញ្ហា ឬមានកង្វល់អាចមកទាក់ទង ដោះស្រាយ គឺខាងក្រសួងនឹងដោះស្រាយដោយបើកចំហរ ឬមួយពួកគាត់មានគំនិតផ្តួចផ្តើមថ្មីមួយ អាចលើកឡើងមកពិភាក្សាបាន។ ព្រោះវេទិការនេះជាយុទ្ធកាលមួយសម្របសម្រួល ដល់បងប្អូនដែលមានកង្វល់ និងមានគំនិតផ្តួចផ្តើមថ្មីៗ អាច​ដាក់មកដើម្បីឲ្យក្រសួងធ្វើការ សម្រេចចិត្ត និងធ្វើការជាមួយគ្នា។ ចំពោះបញ្ហាប្រឈមយើងជឿងជាក់ថា តាមរយៈយុទ្ធកាលដែលក្រសួងមានស្រាប់ និងការខិតខំ ប្រឹងប្រែង របស់ម​ន្ត្រីក្រសួងបរិស្ថាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់នឹងអាចដោះស្រាយបញ្ហាទាំងនោះបានដោយមិនឈមជាមួយបញ្ហារឿងអ្វីធំដុំនោះទេ»

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ជាក់ស្តែងតំបន់មួយចំនួនដូចជា៖ តំបន់សហគន៍រុក្ខវ័ន្ត គឺព្រះសង្ឃបានដឹកនាំសម្របសម្រួលអភិរក្សតំបន់ព្រៃ ធម្មជាតិនោះតែម្តង ឥឡូវនេះសហគមន៍របស់ព្រះរុក្ខវ័ន្ត ក៏បានធ្វើការជាមួយក្រសួងបរិស្ថានដោយបានគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាព របស់ព្រះសង្ឃ ខាងក្រសួងចង់ប្រែក្លាយតំបន់នោះជាដែនជម្រកសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រ ក៏ឃើញមានច្រើនដែលក្នុងតំបន់នោះ។

ទី២៖ តំបន់ព្រៃធម្មជាតិភ្នំត្នោត ខេត្តព្រះវិហារ ប្រជាពលរដ្ឋបានរក្សាព្រៃឈើ ឲ្យនៅគង់វង្សដូច្នេះខាងក្រសួង បានសូលរួមធ្វើការជាមួយគាត់ដើម្បីរក្សា​តំបន់នេះ ឲ្យទៅជាតំបន់អភិរក្សមួយ ដោយបានរៀបចំជាថវិកា និងឧទ្យានុរក្សរបស់ក្រសួងទៅជួយពួកគាត់បន្ថែមទៀតដើម្បីអភិរក្សតំបន់នោះ។ ដោយនាយកដ្ឋានអេកូទេសចរណ៍នៅតំបន់នោះ ខិតខំប្រឹងប្រែងជួយពួកគាត់ឲ្យរៀបចំតំបន់នោះ ទៅជាគោលដៅទេសចរណ៍ធម្មជាតិ។

និងទី៣៖ នៅខេត្តក្រចេះ មានក្រុមហ៊ុនឯកជនមួយដែលទទួលដីសម្បទារាប់ពាន់ហិចតា ដោយធ្វើការដាំដុះដោយមើលឃើញតំបន់នោះ មានសត្វព្រៃ ជាច្រើនដូចជា៖ សត្វស្វាកម្រ និងប្រភេទសត្វកម្រមួយចំនួនទៀត ខាងក្រុមហ៊ុនបានមកទាក់ទងជាមួយក្រសួងបរិស្ថាន ដើម្បីជួយអភិរក្សព្រៃតំបន់នោះ និងសន្យាមិនប៉ះពាល់ព្រៃ រួមជាមួយសត្វព្រៃនៅតំបន់នោះទៀតផង នេះបញ្ជាក់ ឲ្យឃើញថា ទាំងប្រជាពលរដ្ឋ និងក្រុម​ហ៊ុនទទួលបានដីសម្បទាន គឺសូទ្ធតែមានការយល់ដឹងខ្ពស់​ ពីបញ្ហាបរិស្ថានប្រសើរជាងឆ្នាំណាៗទាំងអស់៕