(ភ្នំពេញ)៖ រយៈពេលចុងក្រោយនេះ អត្រាអ្នកពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរម៉ូតហាក់ធ្លាក់ចុះ គួរឲ្យកត់សំគាល់ ហើយដើម្បីការពារសុវត្ថិភាព ប្រជាពលរដ្ឋទាំងអស់ឲ្យជៀសផុតពីគ្រោះថ្នាក់ ដែលបណ្ដាលមកពីការធ្វេសប្រហែស មិនពាក់មួកសុវត្ថិភាព ក្នុងពេលបើ​ក​បរ លោកឧត្តមសេនីយ៍ឯក រុន រត្ន័វាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានស្នើឲ្យពលរដ្ឋដែលបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា។

ការលើកឡើងស្នើសូមបែបនេះរបស់លោក ឧត្តមសេនីយ៍ឯកនេះធ្វើឡើងក្នុងពីធីប្រគល់ទទួលម៉ូតូ និងមួកសុវត្ថិភាព ដែលជាអំណោយ
របស់ក្រុមហ៊ុន គង់ នួន គ្រុប នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នេះ នៅនាយកដ្ឋាននគរបាលចរាចរណ៍
និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ពិសេសចំពោះអ្នកបើកបរម៉ូតូ ដូច្នេះហើយក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ត្រូវតែខិតខំរិះរកគ្រប់វិធីសាស្រ្តដើម្បីធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះឲ្យមកនៅកម្រិតទាប។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវក្នុងពេលធ្វើដំណើរតាមម៉ូតូ ពិសេសសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមទីជនបទ យល់ដឹងកម្រិតទាបនៅឡើយចំពោះការពាក់មួកសុវត្ថិភាពនេះ។

លោកបញ្ជាក់ទៀតថា «ចំពោះអ្នកបើកបរម៉ូតូ ក៏ដូចជាអ្នក​រួមដំណើរដែលមិនបាន​ពាក់មួក​សុវត្ថិភាព តាម​អនុក្រឹត្យ​លេខ៤៤ អនក្រ.បក គឺត្រូវ​ពិន័យជាប្រាក់ចំនួន ១៥០០០រៀល​ក្នុង​ម្នាក់»

លោក ឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសសើរដល់មន្ត្រីនគរបាលចរាចរណ៍ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច
របស់ខ្លួនបានល្អប្រសើរ ហើយកន្លងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានលើក
ទឹកចិត្តទាំងស្មារតី និងថវិកា ដល់មន្រ្តីនគរបាលចរាចរណ៍នៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនឹងការថ្លែងកោតសរសើរលោក ក៏បានណែនាំឲ្យនគរបាលចរាចរណ៍ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ឲ្យបានញឹកញាប់ចំពោះ អ្នកបើកបរម៉ូតូ អ្នកបើកបររថយន្តដឹកកម្មករ អ្នកបើកបររថយន្តដឹកអ្នកដំណើរ
និងអ្នកបើកបររថយន្តដឹកជញ្ជូន។ ក្នុងនោះក៏ត្រូវបង្កើនការត្រួតពិនិត្យល្បឿន និងជាតិស្រវឹង ព្រោះថាបញ្ហាទាំងពីរនេះវានៅតែ
ជាកត្តាដែលងាយបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដដែល។

ក្នុងឱកាសនេះដែរ លោក ចាន់ សុភក្តិ តំណាងក្រុមហ៊ុន គង់ នួន គ្រុប បានឲ្យដឹងដែរថា ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារការប៉ះទង្គិចក្បាល នៅថ្ងៃនេះក្រុមហ៊ុនបានប្រគល់ ម៉ូតូ ចំនួន ១គ្រឿង និងមួកសុវត្ថិភាពចំនួន១០០មួក ដល់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ហើយនេះក៏ជាលើកទីមួយ
ផងដែរ៕