(ស្វាយរៀង)៖ ប្រជាពលរដ្ឋជិត១ពាន់នាក់ ដែលមានលំនៅឋាន ជុំវិញតំបន់ប្រតិបត្តិការ ដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក ចំនួន២គ្រាប់ ក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នោះនឹងត្រូវត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញ នៅម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ។

ការជម្លៀសប្រជាជននេះ ធ្វើឡើងចាប់ពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង៣៖៣០នាទីរសៀល ទើបអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ចូលលំនៅឋានវិញ ហើយប្រសិនបើកប្រតិការមិនទាន់បញ្ចប់ទេ ប្រជាជននៅតែត្រូវជម្លៀសលំនៅឋានរបស់ខ្លួនបន្តទៀត​ នៅថ្ងៃស្អែក ដើម្បីមន្ត្រីជំនាញបន្តប្រតិបត្តិការរបស់ខ្លួន។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី អមដំណើរដោយលោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី និង លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញចុះសួរសុខទុក្ខ និងចុះពិនិត្យនៃការរុករកគ្រាប់បែកគីមី របស់ក្រុមការងារចម្រុះ រុករកគ្រាប់បែកគីមី នៅក្នុងភូមិសាស្ត្រវត្តគគីរ ស្ថិតក្នុងភូមិ គគីរ ឃុំ គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភពពីអាជ្ញាធរឈរជើង នៅកន្លែងជម្លៀសខ្លួន​ បណ្តោះអាសន្ននោះបានឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជិត៨៥៦នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន មករកកន្លែងទីទួលសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរជាតិអាវុធគីមី សហការជាមួយអាជ្ញាធរខេត្ត។ ការមកស្នាក់នៅបណ្តោះអាសន្ននោះ ត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរដែនដី ដោយទទួលបាយមួយពេលថ្ងៃត្រង់ផងដែរ។

សូមជម្រាបថា គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានរកឃើញនៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៧នេះ៕