(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាននិងកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ធ្លាក់ពីហូរមកពីប្រទេសថៃជនលិច ហើយត្រូវកម្លាំងនគរបាល ជាង២០០នាក់ កំពុងចេញជួយអន្តរាគមន៍ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគបាលខេត្តបានប្រាប់ថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរស្រុកម៉ាឡៃ បានរាយការណ៍ប្រជាពលរដ្ឋជាង៣០០គ្រួសារចំនួន រស់នៅឃុំចំនួន៤ គឺឃុំទួលពង្រ ឃុំអូរសំព័រ ឃុំម៉ាឡៃ ឃុំបឹងបេង បានរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យលោកដឹកនាំកម្លាំង ស្នងការនគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៩១១ ដែលមានប្រមាណ២០០នាក់ បានជួយធ្វើអន្តរាគមន៍។
ស្នងការរងរូបនេះ បញ្ជាក់ថា កម្លាំងនគរបាលដែលចុះធ្វើអន្តរាគមន៍តាមចំណុច ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ មានទូក ស្មាច់ ដឹកជញ្ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់នោះ ទៅរកទីទួលមានសុវត្ថិភាព ខណៈកន្លែងខ្លះ ទឹកលិចជម្រៅត្រឹមក និងត្រឹមទ្រូងចូលក្នុងផ្ទះ ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិផងដែរ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានឲ្យដឹងថា មូលហេតុដែលជំនន់ទឹកភ្លៀងជនលិចបណ្តាលប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ឃុំ ប្រមាណ៣០០គ្រួសារ ហើយត្រូវជួយអន្តរាគមន៍រកទីទួលសុវត្ថិភាពនៅពេលនេះ គឺដោយសារភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយជំនន់ទឹកភ្លៀងក៏បានធ្លាក់ពីថៃ ហូរមកស្រុកម៉ាឡៃតែម្ដង។
ជាមួយគ្នានេះ អាជ្ញាធរស្រុកម៉ាឡៃ បានថ្លែងអំណគុណចំពោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយកំពុងប៉ះពាល់ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្ដិ និងស្នើឲ្យជួយស្បៀងសម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋដែលកំពុងខ្វះខាត៕