(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗ ដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សម្រេចបាននៅក្នុងឆ្នាំ២០១៧ ដូចជា សេដ្ឋកិច្ចបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាពិសេសនោះក្រសួងគ្រោងផ្ទេរថវិកា បានពីការលក់កាបូនឲ្យទៅថ្នាក់ខេត្តគ្រប់គ្រងផ្ទាល់តែម្ដង។

លោក សាយ សំអាល់ ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាទាំងអស់ ជាមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន៧៦រូប នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ក្រសួងបរិស្ថាន។

អង្គប្រជុំបានត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេច បានក្នុងការគាំទ្រកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្នុងនោះរួមមាន៖ ការពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួនដូចជា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។

ជាមួយគ្នានោះ ទាក់ទងនឹងរេដបូកនាពេលអនាគត នៅពេលខេត្តមាន សមត្ថភាពគ្រប់គ្រាន់ ក្រសួងបរិស្ថាន នឹងផ្ទេរថវិកាពីការលក់កាបូន នៅខេត្តមណ្ឌលគិរី ដល់ខេត្តតែម្តង ហើយដៃគូពាក់ព័ន្ធអាចចរចា និងធ្វើដោយផ្ទាល់ជាមួយខេត្តនោះ។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្រ្តី នៅកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងការពិនិត្យវឌ្ឍនភាព ដែលក្រុមប្រឹក្សានេះ សម្រេចបាននៅឆ្នាំ២០១៧។

អង្គប្រជុំបានប្រព្រឹត្តទៅ ដោយមានកិច្ចពិភាក្សាយ៉ាងសកម្ម លើរបៀបវារៈសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃដំណើរការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពនាពេលអនាគត ហើយបានពិនិត្យលើ កិច្ចការសំខាន់ៗក្នុងឆ្នាំ២០១៧ ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង៖ ការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្រ្ត ទីក្រុងបៃតងសម្រាប់ រាជធានីភ្នំពេញដោយរួមបញ្ចូល ទាំងគម្រោងវិនិយោគទាំង៤៨ និងផែនការយុទ្ធសាស្រ្ត ទីប្រជុំជនបៃតងដំណាក់កាលទី២ សម្រាប់ទីក្រុងចំនួន៧ទៀត និងការរៀបចំកម្មវិធីតម្រង់ទិស គោលនយោបាយដើម្បីបញ្ជ្រាប ការអភិវឌ្ឍបៃតងនៅក្នុងយុទ្ធសាស្រ្ត ចតុកោណជំហានបន្ទាប់ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។

ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុទី១៖ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការ ប្រែប្រួលអាកាសធាតុ ទី២៖ ការសហការជាមួយ ក្រសួងសេដ្ឋកិច្ចដើម្បី ដាក់បញ្ចូលការប្រែប្រួល អាកាសធាតុទៅក្នុងសារាចរ ណែនាំស្តីពីការរៀបចំផែនការ យុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧ និងបានគាំទ្រក្រសួងចំនួនបួន (ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន) ដើម្បីដាក់បញ្ចូលការប្រែប្រួល អាកាសធាតុនៅក្នុងសំណើ ផែនការថវិការបស់ខ្លួន ជីវៈចម្រុះ៖ ១) តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះត្រូវបានបង្កើត និងពង្រីក លើផ្ទៃដីលើសពី៧លានហិកតា ឬស្មើនឹង៤១%នៃផ្ទៃប្រទេស លើសពីគោលដៅជីវៈចម្រុះ សាកលដែលកំណត់ត្រឹម១៧%, ២) បានចាប់ផ្តើមធ្វើការ សិក្សាស្រាវជ្រាវ លើធនធានពន្ធុរបស់កម្ពុជា ដោយផ្តោតជាជំហានដំបូង លើសត្វល្អិតនិងប្រភេទរុក្ខជាតិ ដែលមានតម្លៃទីផ្សារ ក្រោមក្របខណ្ឌ ពិធីសារណាហ្គូយ៉ា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៖ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង និងអនុស្សរណៈ សរុបចំនួន៤ ជាមួយ រុស្ស៊ីនិងចិនដើម្បី សហប្រតិបត្តិការក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរសម្រាប់ បម្រើឱ្យគោលបំណងសន្តិភាព ។

លោក សាយ សំអាល់ បានបន្តថា ការកំណត់សកម្មភាព អាទិភាពសម្រាប់ឆ្នាំ២០១៨ មានជាអាទិ៍ ការងារទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាពការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ កិច្ចអភិរក្សជីវៈចម្រុះ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបៃតង និងការបញ្ចប់សេចក្តី ព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការពិភាក្សា និងផ្តល់ធាតុចូលលើ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលជាឯកសារគតិយុត្តគ្រឹះសម្រាប់កម្ពុជាដើម្បីធានា....។ ការពិភាក្សា និងអនុម័តជាគោលការណ៍ លើសេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP)។

លោកបានបញ្ជាក់ថា ការពិភាក្សានឹងអនុម័តលើសេចក្តីព្រាង ចុងក្រោយនៃផែនការជាតិរេដបូក ឆ្នាំ២០១៧-២០២៦ សំដៅកែលម្អមុខងារ និងសមត្ថភាពស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តគោលនយោបាយច្បាប់ និងបទបញ្ញត្តិនានាប្រកបដោយប្រសិទ្ធភាពដែលនឹង រួមចំណែកដល់ការ កែលម្អការគ្រប់គ្រង ធនធានធម្មជាតិ ដីព្រៃឈើ និងជីវៈចម្រុះ ឱ្យកាន់តែល្អប្រសើរឡើង ។ ការពិនិត្យមើលវឌ្ឍនភាព ការងារបរិស្ថានអាស៊ាន ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ។

គួរបញ្ជាក់ថាក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាពបាន រៀបចំកិច្ចប្រជុំលើកទី១កន្លងមក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍ដ៏ សំខាន់មួយក្នុងការពង្រឹង នូវគ្រឹះសម្រាប់ទ្រទ្រង់ ការអនុវត្តកំណែទម្រង់ របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍដោយចីរភាព៕