(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនូវព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ដោយក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ ឆមាសទី១ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទាន សម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបទឹកប្រាក់ចំនួនប្រមាណ ៩,២៩៤.២៦លានដុល្លារអាមេរិក។

ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ក្នុងកិច្ចព្រមព្រៀងកម្ចីទាំងអស់នោះ រាជរដ្ឋាភិបាលផ្តោតសំខាន់ សម្រាប់ចំណាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្របដណ្តប់ប្រមាណ៨៧.១២ភាគរយ និងវិស័យអាទិភាពផ្សេងៗទៀត ប្រមាណ១២.៨៨ភាគរយ។

របាយការណ៍ក្រសួងសេដ្ឋកិច្ចបន្ថែមទៀតថា បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆមាសទី១ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១,០១០.៧៣លានដុល្លារអាមេរិក ក្នុងនោះក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ១.៦៥ភាគរយ ត្រូវនឹងប្រមាណ១៦.៧២លានដុល្លារអាមេរិក (ប្រាក់ដើម ១៣.៨៣លានដុល្លារអាមេរិក និងការប្រាក់ ២.៩០លានដុល្លារអាមេរិក) និងក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ៩៨.៣៥ភាគរយ ត្រូវនឹងប្រមាណ ៩៩៤.០១ លានដុល្លារអាមេរិក (ប្រាក់ដើម ៥៦២.០២លានដុល្លារអាមេរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៤៣១.៩៩លានដុល្លារអាមេរិក៕