(កែប-កំពត)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ​ជាអនុប្រធានគណៈកម្មការទទួល​បន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈកម្មការចម្រុះ ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាជួបវិស័យឯកជន ដើម្បីអប់រំ និងផ្សព្វផ្សាយ ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ នៅក្នុងខេត្តជាប់មាត់សមុទ្រចំនួន ០៣ បន្តបន្ទាប់គ្នា ចាប់ពីថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០១៧ ក្នុងនោះរួមមាន ទី១-ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅខេត្ត​ព្រះសីហនុ​,ទី២-ព្រឹកថ្ងៃទី០៣ ខែតុលា ​ឆ្នាំ២០១៧ នៅខេត្តកែប និងទី៣-រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅខេត្តកំពត។

គួររំឭកផងដែរថា នាឱកាសនៃពិធីបើកវេទិកា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ នៅសាលាខេត្តព្រះសីហនុ លោកទេសរដ្ឋមន្រ្តី បានថ្លែង ដោយលើកឡើងពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ និងសកម្មភាព ក៏ដូចជាវិធានការនានាជាច្រើន ដែលរាជរដ្ឋាភិបាល​បានដាក់ចេញ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ ក្នុងនោះរួមមាន៖ 

-ការអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ បដិសេធគ្រឿងញៀន
-ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងការចាកចេញពីគ្រឿងញៀន
-ការពង្រឹងប្រសិទ្ធភាពស្ថាប័នអនុវត្តច្បាប់
-ការត្រួតពិនិត្យសារធាតុគីមីផ្សំ
-ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន
-ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិ និងក្រោមជាតិ។

​គួរបញ្ជាក់​ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​នូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ខុសច្បាប់លើកទី១ រយៈពេល០៦ខែ បានចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែលបានចាត់តាំងអនុវត្ត យ៉ាងសកម្មផុលផុស ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងមហាជនក្នុងសង្គម ដែលបង្កើតបានជាចលនាជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងមានការគាំទ្រ និងវាយតម្លៃជាវិជ្ជមាន ពីសំណាក់សាធារណៈមតិជាតិ អន្តរជាតិ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាលលើជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋ។

ជាក់ស្តែង បានលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋទូទៅមួយកម្រិតថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងបានបង្កើនប្រសិទ្ធភាព​ក្នុងការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន​គ្រឿងញៀន ជាពិសេសបានបើក ប្រតិបត្តិការយ៉ាងក្តៅគគុក បង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងនោះ បានបង្រ្កាបចាប់ខ្លួនមេក្លោង​ជួញដូរគ្រឿងញៀនធំៗចំនួន ១៣ករណី ដោយបានកាត់ផ្តាច់ខ្សែរយៈបណ្តាញ ធ្វើឲ្យចរន្តនៃការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ថមថយសកម្មភាព គួរឲ្យកត់សម្គាល់។
លទ្ធផលខាងលើនេះ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ និងជះទ្ធិពលជាវិជ្ជមានដល់​បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានជួយកាត់បន្ថយទុក្ខលំបាក និងក្តីបារម្ភរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការអនុវត្តន៍​កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ ដោយសារនិន្នាការនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុង តំបន់និងលើពិភពលោក នៅតែមានកំណើន និងនៅតែបន្តជះឥទ្ធិពល ប្រកបដោយគ្រោះថ្នាក់នៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចដាក់ចេញ នូវផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុស​ច្បាប់លើកទី២ រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយបន្តពង្រឹងយន្តការ​ដែលមានស្រាប់ ក្នុងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ ដើម្បីប្រើប្រាស់ជាយន្តការ សម្រាប់អនុវត្តផែនការយុទ្ធនាការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយប្រមូលផ្តុំយកចិត្តទុកដាក់លើការងារ ចម្បងៗ ជាអាទិភាពដូចតទៅ៖