(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានដុតកម្ទេចចោលនូវគ្រឿង សម្អាងក្លែងក្លាយប្រមាណជិត១០០តោន ដែលរឹបអូសពីឈ្មួញទុច្ចរិតបានជាបន្តបន្ទាប់កាលពីកន្លងទៅ ដែលគ្រឿងសម្អាងទាំងនេះ នឹងបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាពិសេសចំពោះអ្នកប្រើប្រាស់តែម្តង។

ការដុតកម្ទេចនេះបានធ្វើឡើង នៅទីលានចាក់សំរាមនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏មានការចូលរួមពីតតំណាងស្ថានទូត ស្ថាប័នតុលាការ រួមទាំងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សម្តេច ស ខេង បានលើកឡើងថា គ្រឿងសម្អាងទាំងនេះ សុទ្ធតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ចំពោះអ្នកប្រើប្រាស់ ដូច្នេះសមត្ថកិច្ចត្រូវតែរឹតបន្តឹងបន្ថែមទៀតក្នុងការទប់ស្កាត់ ហើយត្រូវតែស្វែងរកជនដែលប្រព្រឹត្តមកផ្តន្ទាទោស។

សម្តេចក្រឡាហោម បានបានលើកឡើងថា អ្នកលក់គិតតែពីលុយ ប៉ុន្តែអ្នកប្រើប្រាស់ គឺមានបញ្ហាសុខភាព ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំធ្វើយ៉ាងណា ទប់ស្កាត់វាឲ្យមានប្រសិទ្ធិភាពបំផុត ដើម្បីប្រជាជន និងសង្គមខ្មែរទាំងទាំងមូល។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់សមត្ថកិច្ចទាំងអស់គប្បី ណែនាំឲ្យកាន់តែសកម្មបន្ថែមទៀតដល់បងប្អូន ប្រជាពលរដ្ឋឲ្យយល់ដឹងបន្ថែមទៀត ទាក់ទងនឹងផលិតផលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានជម្រុញដល់សមត្ថកិច្ចទាំងអស់ ត្រូវតែបំពេញភារកិច្ច របស់ខ្លួនឲ្យបានត្រូវត្រឹមដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋ ហើយត្រូវតែចាត់វិធានការភ្លាមៗ បន្ទាប់ពី មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងទំនិញក្លែងក្លាយនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីដុតកម្ទេចចោលនោះ លោក មាជ សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ផលិតផលក្លែងក្លាយនេះ គឺភាគច្រើនផលិតនៅប្រទេសថៃ អាមេរិក ស្វីស ចិន និងជប៉ុនជាច្រើន ហើយការដុតកម្ទេចនៅថ្ងៃនេះ គឺមានចំនួនជាង៨០តោនបើគិតជាប្រាក់ប្រមាណជិត៦លានដុល្លារអាមេរិក។ តែយ៉ាងណាក្តីជនល្មើសដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ខ្លះត្រូវបានផ្តន្ទាទោសខ្លះកំពុងគេចខ្លួនផងដែរ។

លោកបានបន្តថា ផលិតផលក្លែងក្លាយនេះ គឺមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងច្រើន ដូចជា៖ កើតមហារីក អាឡាក់ស៊ីស្បែក និងប៉ះពាល់ដល់គ្រឿងក្នុង មនុស្សជាច្រើនទៀត។ តែយ៉ាងណាក៏ដោយសមត្ថកិច្ចនឹងមិនព្រងើយកន្តើយចំពោះករណីនេះឡើយ៕