(បារាំង)៖ បន្ទាប់ពីទទួលជោគជ័យក្នុងពិធីអាហារសាមគ្គីមហាគ្រួសារខ្មែចំនួន៤ប្រទេស រួមមាន៖ ប្រទេសអាល្លឺម៉ង់ ស្វីស ប៊ែលហ្សិក និងអង់គ្លេសរួចមក លោក ហ៊ុន ម៉ាណែត បានទទួលជោគជ័យដ៏ត្រចះត្រចង់ម្តងទៀត នោះគឺបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសបារាំងជិត១០០០នាក់ បានអញ្ជើញមកចូលរួមកម្មវិធីជួបជុំ ក្នុងលក្ខណៈមហាគ្រួសារខ្មែរ ខណៈអ្នកតវ៉ាប្រឆាំងមានប្រមាណ៥០នាក់ប៉ុណ្ណោះ។

នៅក្នុងកម្មវិធីជាលក្ខណៈមហាគ្រួសារខ្មែរខាងលើនេះ លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា នេះជាការបង្រួបបង្រួមស្មារតីស្មារតីខ្មែរតែមួយ និងបានពន្យល់បកស្រាយដល់ពលរដ្ឋខ្មែរទាំងនោះ នូវរាល់ចំណុចនីមួយៗ នៃតថភាពសង្គមបច្ចុប្បន្ន ជាមួយនឹងការបញ្ចាំងរូបភាពពិតៗ ធ្វើឲ្យអ្នកចូលរួមជិត១០០០នាក់ បានទះដៃសាទរយ៉ាងកងរំពង។

នៅក្នុងកម្មវិធីនារាត្រីចុងសប្តាហ៍កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលមានគោលការណ៍ជាច្រើនវិស័យ ជួយដល់ប្រជាពលរដ្ឋ។ សូមបង ប្អូន អុំ ពូ មីងជឿទុកចិត្តចុះ រាជរដ្ឋាភិបាលមិនដែលចាត់ទុកខ្មែរណាម្នាក់ ជាសត្រូវទេគឺយើងជួយប្រជាពលរដ្ឋជាពិសេសប្រជាក្រីក្របំផុត។ រាជរដ្ឋាភិបាលនឹងបន្តថែរក្សាបូរណភាពទឹកដី ទុកឱ្យកូនចៅជំនាន់ក្រោយ លើកស្ទួយកិត្តិស័ព្ទជាតជាបន្តទៅទៀត ទុកឱ្យខ្មែរយើងរស់នៅក្នុងសន្តិភាព និងកិតិ្តយសកាន់តែថ្កុំថ្កើន ជួយទំនាក់ទំនងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស»

លោកបញ្ជាក់ថា ប្រទេសមួយដែលខ្លាំងទាល់តែប្រជាជនខ្លាំងហើយប្រជាពលរដ្ឋខ្លាំង គឺប្រជាជនមានបាននោះប្រជាជនខ្លាំងហើយ។

ជាមួយគ្នានេះកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន រូបនេះ ក៏បានថ្លែងអំណរគុណចំពោះលោកអ៊ុ ពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីជួបជុំគ្នានាល្ងាចនេះ ដែលបង្ហាញពីការសាមគ្គីភាពគ្នា យ៉ាងរឹងមាំរវាងខ្មែរ និងខ្មែរ ហើយដែលធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយបំផុត។

សូមបញ្ជាក់ថា ទឹកដីទីក្រុងប៉ារីសប្រទេសបារាំង គឺជាគោលដៅចុងក្រោយ នៃដំណើរទស្សនកិច្ចនៅក្នុងតំបន់អឺរ៉ុប ក្នុងចំណោមគោលដៅទាំង៥របស់លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ដែលជាគោលដៅជោគជ័យធំជាងគេបំផុត បើទោះបីជាមានការបំផុសឱ្យមានបាតុកម្ម ដែលមានបាតុករប្រមាណ៥០នាក់ ធ្វើបាតុកម្មក៏ដោយ៕