(កំពង់ស្ពឺ)៖ ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់​ប្រជាពលរដ្ឋ ដែលរស់នៅភូមិស្នោទី១ សង្កាត់រកាធំ ពីបញ្ហាទឹកលិចផ្លូវ ដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យជាក់ស្តែងលើបញ្ហាទឹកផ្លូវ ដោយសារជំនន់ទឹកភ្លៀង ។

គួរបញ្ជាក់​ថា ដោយសារតែការចាក់ដី និងធ្វើរបងរបស់ម្ចាស់ដី បានបណ្ដាលឲ្យបិទប្រព័ន្ធលូ ធ្វើកកស្ទះប្រព័ន្ធរំដោះទឹក​បណ្ដាលឲ្យលិចផ្លូវ ហើយកន្លងមកអាជ្ញាធរក្រុង ក៏បានចុះដោះស្រាយជាបន្តបន្ទាប់ តែមិនទទួលបានជោគជ័យ ដោយមិនមានកិច្ចសហការពីម្ចាស់ដី ក្នុងការចូលរួមដាក់ប្រព័ន្ធលូឡើងវិញ​។

ដូចនេះហើយទើបលោក វ៉ី សំណាង បានចុះពិនិត្យទីតាំងជាក់ស្តែង ស្វែងរកវិធីដោះស្រាយជាបន្ទាន់ ដើម្បីដោះរាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ដោយជាលទ្ធផលម្ចាស់ដី បានយល់ព្រមឯកភាព ក្នុងការដាក់ប្រព័ន្ធលូឡើងវិញ ជាពិសេសគឺមានការសហការពី លោកឧកញ៉ា ណាំ ស៊្រុន និងលោកឧកញ៉ា អ៊ុន យុទ្ធី ដោយធ្វើទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ បើកនូវប្រព័ន្ធលូរំដោះទឹកនេះឡើងវិញ​៕